ប្រមុខដឹកនាំការបរទេសអ៊ីរ៉ង់ និងទួរគី ពិភាក្សាគ្នាអំពីទំនាក់ទំនង និងការអភិវឌ្ឍក្នុងតំបន់
បរទេស៖ លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amir-Abdollahian) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងសមភាគីទួរគី លោកហាកាន ហ្វីដា ( Hakan Fidan) កាលពីថ្ងៃព្រហស្បតិ៍ បានពិភាក្សាគ្នាតាមទូរស័ព្ទទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍ ក្នុងតំបន់ នាពេលថ្មីៗនេះ។
លោក អាមីរ៉ាប់ឌូឡាហៀន បានគូសបញ្ជាក់ពី«វិធីសាស្រ្តដែលមិនអាចត្រឡប់វិញបាន»របស់អ៊ីរ៉ង់ ក្នុងការពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយរដ្ឋជិតខាង ដោយកត់សម្គាល់ថា សន្តិសុខនៃប្រទេសក្នុងតំបន់មាន «ទំនាក់ទំនងគ្នាទៅវិញទៅមក» បើតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយឲ្យដឹងនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ ។
លោកបានបន្តថា៖«ការប្រយុទ្ធរួម និងការសម្រេចចិត្តប្រឆាំងនឹងក្រុមភេរវកម្ម គឺជាការទទួលខុសត្រូវរួមរបស់ប្រទេសទាំងអស់ ក្នុងតំបន់»។
ប្រមុខការទូតរបស់អ៊ីរ៉ង់ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ខ្លួនជាមួយទួរគី ដោយបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនាពេលអនាគតរបស់ប្រធានាធិបតីអ៊ីរ៉ង់លោកអ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ទៅកាន់ទីក្រុងអង់ការ៉ា ( Ankara) នឹងជួយជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងធ្វើឲ្យសន្តិសុខក្នុងតំបន់ប្រសើរឡើង។
លោករ៉េស៊ី បានលុបចោលដំណើរទស្សនកិច្ច ដែលបានគ្រោងទុករបស់ខ្លួនទៅកាន់ប្រទេសទួរគី បន្ទាប់ពីការវាយប្រហារភេរវកម្មនៅទីក្រុង Kerman ភាគអាគ្នេយ៍ កាលពីថ្ងៃទី៣ ខែមករា បានសម្លាប់មនុស្សជាង ៩០នាក់ និងជាច្រើននាក់ទៀត រងរបួស។
សេចក្តីថ្លែងការណ៍ បាននិយាយថា សម្រាប់ផ្នែករបស់ខ្លួន លោកហ្វីដាន បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរក្សា និងពង្រឹង «ទំនាក់ទំនងជាបងប្អូន» ក្នុងចំណោមរដ្ឋក្នុងតំបន់។
នៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃបន្ទាប់ លោក ហ្វីដាន បានថ្លែងថា លោកបាននិយាយទៅកាន់សមភាគីអ៊ីរ៉ង់ និងប៉ាគីស្ថានរៀងៗខ្លួន ដោយអំពាវនាវឲ្យបន្ថយស្ថានការណ៍ និងធ្វើឲ្យមានភាពស្ងប់ស្ងាត់ឡើងវិញ បើតាមការរាយការណ៍ពីទីភ្នាក់ងារ Anadolu របស់ទួរគី ៕