អាមេរិក អនុវត្តវិធានការ «ការការពារខ្លួន» មិនមែនធ្វើសង្រ្គាមជាមួយក្រុមហ៊ួទីនៅយេម៉ែន
មន្ទីរបញ្ចកោណ៖ លោកស្រី Sabrina Singh ជាអ្នកនាំពាក្យរងរបស់មន្ទីរបញ្ចកោណ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករាថា សហរដ្ឋអាមេរិកមិនមានសង្រ្គាមជាមួយក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែននោះទេ តែជាវិធានការ «ការការពារខ្លួន» ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារទៅលើនាវា នៅសមុទ្រក្រហម។
សម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ កងជីវពលរបស់ក្រុមហ៊ួទីបានវាយប្រហារទៅលើកប៉ាល់ទាំងក្នុង និងជុំវិញសមុទ្រក្រហមចាប់តាំងពីខែវិច្ឆិកា បានធ្វើឲ្យពាណិជ្ជកម្មរវាងអាស៊ី និងអឺរ៉ុបមានភាពយឺតយ៉ាវ និងធ្វើឲ្យប្រទេសមហាអំណាចព្រួយបារម្ភពីការកើនឡើងនៃសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។
ក្រុម Houthis និយាយថា ពួកគេកំពុងធ្វើសកម្មភាព ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ហើយបានគម្រាមកំណត់គោលដៅលើនាវាអាមេរិក ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិក និងអង់គ្លេសលើទីតាំងនានារបស់ក្រុម។
ទន្ទឹមគ្នានេះ យោធាអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារបន្ថែម កាលពីព្រឹកថ្ងៃទី១៨ ខែមករា ដោយដាក់គោលដៅទៅលើមីស៊ីលប្រឆាំងនាវាចំនួន ២គ្រាប់របស់ក្រុមហ៊ួទី ដែលកំពុងត្រូវបានរៀបចំ ដើម្បីបាញ់ចូលទៅក្នុងសមុទ្រក្រហម ហើយចាត់ទុកថា ជា «ការគំរាមកំហែងជិតកើតមាន» ចំពោះការដឹកជញ្ជូន និងនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់៕