សង្រ្គាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ចំនួនអ្នកស្លាប់ប៉ាឡេស្ទីនកើនឡើងជាង ២២,៤០០នាក់
ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ២២.៤៣៨នាក់ បានស្លាប់និង៥៧.៦១៤ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី ៧ខែតុលាឆ្នាំ២០២៣មក នេះបើតាមក្រុមអាជ្ញាធរសុខាភិបាលរបស់តំបន់ហ្កាហ្សាបានលើកឡើងកាលពីថ្ងៃម្សិលមិញ ។
លោកអាស្រាហ្វ អាល់គូដ្រា(Ashraf al-Qudra) អ្នកនាំពាក្យក្រសួងសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារ និងស្ត្រីមានចំនួន ៧០% នៃជនរងគ្រោះទាំងនោះ ។
លោកក៏បានបន្តថា មនុស្ស ១២៥ នាក់ បានស្លាប់ និង៣១៨នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។
យោងតាមអ្នកនាំពាក្យដដែលបន្ថែមថា គ្រូពេទ្យចំនួន ៣២៦ នាក់បានស្លាប់ រថយន្តសង្គ្រោះចំនួន ១២១ គ្រឿងត្រូវបានបំផ្លាញ ហើយមន្ទីរពេទ្យចំនួន ៣០កន្លែង និងមណ្ឌលថែទាំសុខភាពចំនួន៥៣ កន្លែង ត្រូវបានបង្ខំឱ្យ បញ្ឈប់ដំណើរការផ្ដល់សេវា ដោយការវាយលុករបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧ ខែតុលា។
លោក អាល់គូដ្រា (Al-Qudra) បាននិយាយថា គ្រូពេទ្យចំនួន ៩៩នាក់ នៅតែស្ថិតក្នុងការឃុំខ្លួនរបស់អ៊ីស្រាអែល។អ៊ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាស និងថ្មើរជើងឥតឈប់ឈរលើតំបន់ ហ្កាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុម ហាម៉ាស ប៉ាឡេស្ទីនកាលពីថ្ងៃទី ៧ ខែតុលា។
ជនជាតិអ៊ីស្រាអែលប្រមាណ១.២០០នាក់បានស្លាប់ ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសចូលក្នុងប្រទេសអ៊ីស្រាអែល។ ការវាយប្រហារឥតសំចៃដៃរបស់អ៊ីស្រាអែលបានធ្វើឱ្យតំបន់ហ្កាហ្សារងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដោយ ៦០% នៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ រងការឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ ត្រូវបានខូចខាត ឬបំផ្លាញ ហើយពលរដ្ឋជិត ២ លាននាក់ត្រូវបានភៀសខ្លួនចេញពីលំនៅឋានស្របពេលមានកង្វះ ស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យជាដើម៕