កូរ៉េខាងជើងបាញ់កាំភ្លើងធំជាង ២០០គ្រាប់ កូរ៉េខាងត្បូង ចេញបញ្ជាឲ្យពលរដ្ឋនៅកោះចំនួនពីរជម្លៀសខ្លួនបន្ទាន់
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបាញ់ផ្លោងកាំភ្លើងធំជាង ២០០គ្រាប់ នៅជិតកោះចំនួនពីររបស់កូរ៉េខាងត្បូង នៅថ្ងៃទី០៥ ខែមករានេះ ដោយជំរុញឱ្យមានការបញ្ជាជម្លៀសអ្នកស្រុកនៅលើកោះនោះ នេះបើតាមក្រសួងការពារជាតិសេអ៊ូល និងក្រុមមន្ត្រីក្នុងតំបន់បានលើកឡើង ។
របបរបស់លោក គីម ជុងអ៊ុន (Kim Jong Un) ក្នុងទីក្រុងព្យុងយ៉ាង ចំពោះការបាញ់គ្រាប់ពិតនេះ ធ្វើឡើងបន្ទាប់ពីការព្រមានម្តងហើយម្តងទៀត ថាខ្លួនកំពុងរៀបចំធ្វើសង្គ្រាមប្រឆាំងនឹងកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះគឺអាមេរិក។
ក្រុមមន្ត្រីក្នុងកោះ យ៉ុនព្យុង (Yeonpyeong) បានប្រាប់សារព័ត៌មាន AFP ថា ជនស៊ីវិលត្រូវបានប្រាប់ឱ្យជម្លៀសចេញ ដោយពណ៌នាបទបញ្ជានេះថាជា «វិធានការបង្ការ» ហើយអាជ្ញាធរនៅលើកោះ បែងន្យុង (Baengnyeong) ក៏បានរាយការណ៍ពីបញ្ជាជម្លៀសនៅទីនោះផងដែរ។
ក្នុងឆ្នាំ២០១០ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាច្រើនដងនៅលើកោះ យ៉ុនព្យុង ដោយបានសម្លាប់មនុស្ស ៤នាក់ រួមទាំងជនស៊ីវិលពីរនាក់ នៅក្នុងការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមួយទៅលើអ្នកជិតខាងរបស់ខ្លួន ចាប់តាំងពីសង្គ្រាមកូរ៉េបានបញ្ចប់ក្នុងឆ្នាំ១៩៥៣ មក៕