ហេតុអ្វីគួរទិញធានារ៉ាប់រង?

ឆាកជីវិតមនុស្សម្នាក់ៗមិនដូចគ្នាទេ ឲ្យតែកើតមកមានរូបមានទុក្ខ តែងតែភពប្រសប់ជាមួយបញ្ហាគ្រប់ៗគ្នា មិនថាតូច ឬធំ? មិនតែប៉ុណ្ណោះ មនុស្សម្នាក់ៗអាចជួបប្រទះនឹងហានិភ័យផ្សេងៗជាយថាហេតុ ដោយមិនបានព្រាងទុកជាមុនឡើយ។ មនុស្សជាច្រើនតែយល់ថាមនុស្សស្លាប់ទៅមិនបានយកអ្វីទៅជាមួយនោះទេ? សូមសាកល្បងគិតបន្តិចថាតើបុគ្គលម្នាក់មានប្រាក់ខែជាប្រចាំខែ មានប្រាក់ចំណូលជាប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ តែងយកថវិកាឬចំណូលទាំងនេះដោះស្រាយជីវភាព ចិញ្ចឹមបីបាច់ ទំនុកបម្រុងគ្រួសារ រំលោះផ្ទះដើម្បីមានជំរកសមរម្យមួយហ្នឹងគេ ស្រាប់តែគ្រោះអកុសលកើតឡើងចំពោះបុគ្គលនោះ តើចំណូលទាំងអស់នោះមានទៀតឬទេ សម្រាប់ផ្តល់ឲ្យគ្រួសារគាត់? បើជាប្រាក់ខែថាតើក្រុមហ៊ុនបានបន្តបើកឲ្យគ្រួសារគាត់ជាប្រចាំខែទៀតឬទេ? បើជាប្រាក់ចំណូលថាតើមាននរណាយកទៅផ្តល់ឲ្យគ្រួសារគាត់? សំអាងប៉ុណ្ណឹងអាចបញ្ជាក់បានថាមនុស្សស្លាប់យកទៅតាមនូវចំណូលផ្ទាល់ខ្លួនរបស់គាត់ទៅតាម។

ដើម្បីគ្រប់គ្រងហានិភ័យទាំងនោះ ឬការពារទុកជាមុន អ្នកមានជម្រើសក្នុងការផ្ទេរហានិភ័យនេះជាការទិញធានារ៉ាប់រងសម្រាប់ការពារ។ ជាទូទៅ ធានារ៉ាប់រងមានច្រើនប្រភេទ រួមមានធានារ៉ាប់រងជីវិត ធានារ៉ាប់រងទូទៅ ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងលើទ្រព្យសម្បត្តិ និងធានារ៉ាប់រងយានយន្ត ជាដើម។ ហើយប្រភេទនីមួយៗមានគោលបំណងក្នុងការប្រើប្រាស់ខុសៗគ្នា ហេតុនេះគួរពិចារណាទិញធានារ៉ាប់រងនៅពេល៖

ពេលដែលទិញអ្វីមួយថ្មីៈ អ្នកដែលទើបតែទិញម៉ូតូ ឡាន ឬផ្ទះ ហើយស្រលាញ់របស់ផ្ទាល់ខ្លួនទាំងនោះ អាចជ្រើសរើសទិញធានារ៉ាប់រងដើម្បីការពារពីហានិភ័យផ្សេងៗដែលអាចកើតឡើងដោយចៃដន្យ។ ឧទាហរណ៍ បើសិន អគ្គីភ័យឆេះផ្ទះ អ្នកមានធានារ៉ាប់រង ហើយមិនសូវមានការព្រួយបារម្ភខ្លាំងជាមួយស្ថានការណ៍លើបញ្ហាហិរញ្ញវត្ថុដើម្បីសង់ផ្ទះជាថ្មីនោះឡើយ។

ពេលដែលចាប់ផ្ដើមមានគ្រួសារៈ នៅពេលណាមួយបន្ទាប់ពីអ្នករៀបការ ហើយប្រពន្ធឬប្ដីរបស់អ្នកពឹងផ្អែកលើប្រាក់ចំណូលរបស់អ្នកនោះ អ្នកគួរពិចារណាថាត្រូវមានធានារ៉ាប់រងជីវិត ក្នុងករណីដែលជួបប្រទះនឹងគ្រោះថ្នាក់អកុសលណាមួយ ដូចជាស្លាប់ឬរងរបួសពិការ អ្នកពិតច្បាស់ណាស់ថាមិនចង់ឱ្យមនុស្សជាទីស្រលាញ់របស់អ្នករស់នៅដោយគ្មានទីពឹងឡើយ។

ពេលដែលមានកូនៈ នៅពេលអ្នកមានកូន អ្នកច្បាស់ណាស់ថាថាមពលនៃក្តីស្រលាញ់ជ្រាលជ្រៅប៉ុណ្ណា កូនរបស់អ្នកត្រូវពឹងផ្អែកលើអ្នកទាំងស្រុងក្នុងការធំធាត់ឡើង ដូចនេះក្នុងនាមជាឪពុកម្ដាយមានទំនោរខុសត្រូវច្បាស់លាស់ ពិតណាស់ថាអ្នកគួរតែមានធានារ៉ាប់រងជីវិត ក៏ព្រោះថាពេលដែលមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ  កូនៗរបស់អ្នកនឹងនៅតែមានការផ្គត់ផ្គង់ហិរញ្ញវត្ថុ ដើម្បីអនាគតពួកគេ។

ពេលដែលចង់កាត់បន្ថយចំណាយព្យាបាលជម្ងឺៈ ច្បាស់ណាស់ថាពេលដែលវ័យកាន់តែចាស់ទៅពីមួយថ្ងៃទៅមួយថ្ងៃ សុខភាពក៏អាចទ្រុឌទ្រោមទៅតាមអាយុដែរ ដូច្នេះអ្នកគួរតែមានធានារ៉ាប់រងចាប់ពីវ័យមិនទាន់ទ្រុឌទ្រោម ជាពិសេសធានារ៉ាប់រងសុខភាព សម្រាប់ពេលដែលមានជម្ងឺឈឺថ្កាត់ណាមួយ ដើម្បីកាត់បន្ថយការចំណាយព្យាបាល។ គួរបញ្ជាក់ផងដែរថា ធានារ៉ាប់រងសុខភាព គឺគួរតែមានមិនថាចាស់ឬក្មេង ពីព្រោះប្រសិនបើអ្នកខិតខំធ្វើការងារខ្លាំងពេកប្រចាំថ្ងៃ និងមិនសូវខ្វាយខ្វល់ពីសុខភាព អ្នកអាចមានជម្ងឺទាំងវ័យក្មេងក៏អាចថាបាន។

ពេលដែលធ្វើដំណើរៈ ពេលដែលអ្នកធ្វើដំណើរ ជាពិសេសទៅក្រៅប្រទេស អ្នកគួរមានធានារ៉ាប់រង ក្នុងករណីដែលមានគ្រោះថ្នាក់ណាមួយដែលមើលមិនឃើញ ដូចជាបាត់វ៉ាលី និងចំណាយលើការព្យាបាលផ្សេងៗ។