ការលួចអត្តសញ្ញាណ ៥ចំណុចដែលអ្នកគួរដឹង

ការភ្ជាប់ទំនាក់ទំនងកាន់តែច្រើនជាងមុនដោយសារអ៊ីនធឺណិតក្នុងពេលបច្ចុប្បន្ននេះ។ ថ្វីត្បិតអ្វីៗកាន់តែងាយស្រួលជាងមុន ក៏មានន័យថា ជីវិតផ្ទាល់ខ្លួននិងព័ត៌មានហិរញ្ញវត្ថុរបស់យើងកាន់តែងាយទទួលរងការលួចអត្តសញ្ញាណដែរ។ នៅពេលយើងនិយាយអំពីការលួចអត្តសញ្ញាណ ការការពារជាគន្លឹះយ៉ាងមានសារៈសំខាន់។ ដូចនេះ ខាងក្រោមនេះគឺជាចំណុចចំនួន៥ ដែលអ្នកគួរពិចារណា៖

បៀបលួចអត្តសញ្ញាណ

  • ការរើក្នុងធុងសំរាម៖ រើរកតាមធុងសំរាមស្វែងរកសំណៅឬឯកសារបោះចោលដែលមានព័ត៌មានសម្ងាត់របស់ជនរងគ្រោះដែលអាចឱ្យគេចូលប្រើគណនីរបស់ជនរងគ្រោះ។
  • ការប្លន់៖ លួចអត្តសញ្ញាណនិងឯកសារដែលចេញដោយរដ្ឋាភិបាល ដើម្បីបើកគណនីក្នុងឈ្មោះរបស់ជនរងគ្រោះ។
  • ការក្លែងបន្លំ (phishing)៖ ការប្រើប្រាស់អ៊ីមែលមានផ្ទុកមេរោគដើម្បីស្វែងរកព័ត៌មានផ្ទាល់ខ្លួននិងព័ត៌មានហិរញ្ញវត្ថុក្នុងកុំព្យូទ័រនិងឬឧបករណ៍ផ្សេងៗរបស់ជនរងគ្រោះ។
  • ការឆបោកតាមទូរស័ព្ទ៖ ការបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្តល់ព័ត៌មានផ្ទាល់ខ្លួនឬព័ត៌មានហិរញ្ញវត្ថុរបស់ពួកគេតាមទូរស័ព្ទ។
  • ឃ្លាំងទិន្នន័យ៖ ការលួចចូលមើលទិន្នន័យឯកជនរបស់អតិថិជននៅហាងលក់ទំនិញ កន្លែងលក់បរិក្ខារសុខាភិបាលនិងក្រុមហ៊ុនកាតឥណទានជាដើម។

ប្រុងប្រយ័ត្ននូវអ្វីដែលអ្នកចែករំលែកអនឡាញ

គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានការកំណត់ឯកជនភាពទាបអាចងាយរងគ្រោះដោយ ការលួចអត្ត-សញ្ញាណ។ ឧក្រិដ្ឋជនសាយប័រអាចស្វែងរកឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើតឬលេខទូរស័ព្ទរបស់អ្នក ហើយប្រើព័ត៌មានទាំងនេះដើម្បីបើកគណនី ឬចុះឈ្មោះសម្រាប់ប័ណ្ណបើកបរ។

នៅពេលអ្នកប្រើការភ្ជាប់ Wi-Fi សាធារណៈ អ្នកនឹងបន្សល់ដានឌីជីថល។ សូមប្រយ័ត្នចំពោះព័ត៌មានដែលអ្នកផ្ញើនិងទទួល ដោយផ្ទៀងផ្ទាត់ជានិច្ចថាអាសយដ្ឋានគេហទំព័រត្រូវនឹងឈ្មោះនៅក្នុង address bar ហើយសូមពិចារណាប្រើ VPN ពេលភ្ជាប់ទៅ Wi-Fi សាធារណៈ។

ជួយការពារកុមារនិងមនុស្សចាស់ជរា

ឧក្រិដ្ឋជនអាចលួចអត្តសញ្ញាណរបស់កុមារបានដោយសារឪពុកម្តាយធ្វេសប្រហែស មិនពិនិត្យប្រវត្តិឥណទានរបស់កូនៗ។ ចោរព័ត៌មានវិទ្យាអាចលួចអត្តសញ្ញាណរបស់កុមារជាច្រើនឆ្នាំមុនពេលកុមារទាំងនោះក្លាយជាមនុស្សពេញវ័យអាចចូលប្រើគណនីធនាគាររបស់គេដោយខ្លួនឯង។ ដើម្បីជួយការពារអត្តសញ្ញាណរបស់កុមារ មាតាបិតាអាចស្នើសុំច្បាប់ចម្លងនៃរបាយការណ៍គណនីធនាគាររបស់កូនជារៀងរាល់ឆ្នាំ ហើយរកមើលសកម្មភាពគួរឱ្យសង្ស័យណាមួយ។ មនុស្សចាស់ជរាក៏អាចជាគោលដៅសម្រាប់អ្នកបោកប្រាស់ផងដែរ ព្រោះគាត់មិនសូវប្រុងប្រយ័ត្នជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់គាត់។ ពួកគាត់អាចមិនសូវស៊ាំនឹងការរស់នៅជាមួយអ៊ីនធឺណិត ជាហេតុធ្វើឱ្យគាត់អាចមិនបានយល់ដឹងពីការការពារអត្តសញ្ញាណនៅលើអ៊ីនធឺណិត។

វិធីសាស្រ្តកាត់បន្ថយភាពងាយរងគ្រោះ

  • កម្ទេចឯកសារផ្ទាល់ខ្លួនដូចជារបាយការណ៍ធនាគារនិងកាតឥណទានមុនពេលបោះចោល។
  • នៅលើអនឡាញ គួរពិចារណាពីអ្វីដែលអ្នកចែករំលែក និងលុបព័ត៌មានទីតាំងចេញពីរូបថត។
  • ប្រើពាក្យសម្ងាត់ដែលមានលក្ខណៈខុសៗពីគ្នា និងពិបាកទាយបានដោយប្រើនិមិត្តសញ្ញា អក្សរ និងលេខ។
  • ត្រួតពិនិត្យគណនីហិរញ្ញវត្ថុរបស់អ្នកទាំងអស់ប្រចាំសប្តាហ៍ ដោយរាយការណ៍ពីភាពខុសប្លែកឱ្យបានឆាប់បំផុត។

ការលួចអត្តសញ្ញាណ និងការបែកធ្លាយទិន្នន័យ

ថ្វីត្បិតតែការប្រុងប្រយ័ត្នពីអ្នកប្រើប្រាស់ពិតជាមានសារៈសំខាន់ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ ជាក់ស្ដែង ការបែកធ្លាយទិន្នន័យ Equifax នាពេលថ្មីៗនេះបានលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សជាង១៤៧,៩លាននាក់។ ដូចនេះ ការប្រើប្រាស់សេវាការពារការលួចអត្តសញ្ញាណជាការល្អ ដោយសេវាកម្មទាំងនេះអាចជូនដំណឹងដល់អ្នក ប្រសិនបើសកម្មភាពគួរឱ្យសង្ស័យត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងបណ្តាញរបស់អ្នក ឬប្រសិនបើគណនីថ្មីត្រូវបានបើកដោយប្រើប្រាស់លេខអត្តសញ្ញាណរបស់អ្នក។ សេវាកម្មការពារការលួចអត្តសញ្ញាណមួយចំនួនដែលមានប្រជាប្រិយភាពខ្ពស់រួមមាន Aura All-in-One ID Theft Protection, IdentityForce, Norton LifeLock, McAfee ID Theft Protection, និង IDShield ជាដើម។ វិធីសាស្ត្រមួយទៀតអ្នកអាចឆែកមើលវត្តមានអ៊ីមែល ឬលេខទូរសព្ទ តាមរយៈគេហទំព័រ HaveIBeenPwned.com ដើម្បីដឹងអំពីប្រវត្តិអ៊ីមែល ឬលេខទូរសព្ទរបស់អ្នកធ្លាប់បែកធ្លាយឬអត់៕