ក្រោយថើបមាត់កីឡាការិនីបន្ទាប់ពីឈ្នះពាន World Cup ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញនឹងលាលែងពីតំណែង

នេះបើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​រាយការណ៍​នៅ​ថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានកីឡាបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales នឹងលាលែងពីតំណែង បន្ទាប់​ពី​ត្រូវ​បាន​ថ្កោល​ទោស​យ៉ាងពេញទំហឹងពីពិភពបាល់ទាត់ ចំពោះការថើបមាត់កីឡាការិនីអេស្ប៉ាញ បន្ទាប់​ពី​អេស្ប៉ាញ​ឈ្នះជើងឯកបាល់ទាត់នារីពិភពលោក។

បើ​យោង​តាម​របាយការណ៍ នៅថ្ងៃសុក្រនេះនៅឯមហាសន្និបាតវិសាមញ្ញនេះ លោក Rubiales អាយុ ៤៦ ឆ្នាំនឹង​ដាក់​សំណើ​លាលែង​ពី​តំណែង​ជា​ប្រធាន​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ (RFEF) ។​

ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​ស៊ីដនី​កាល​ពី​ថ្ងៃ​អាទិត្យ បន្ទាប់ពីក្រុមអេស្ប៉ាញឈ្នះ ១-០ លើក្រុម​អង់គ្លេស​ លោកRubiales បានឱបខ្សែបម្រើ Jennifer Hermoso និងថើបបបូរមាត់។

រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​ទទួល​បន្ទុក​សមភាព​លោកស្រី Irene Montero សរសេរ​លើ​បណ្តាញ​សង្គម​ភ្លាម​ៗ​​បន្ទាប់ពី​របាយការណ៍​នេះ​បាន​លេច​ឡើង​ថា “​ភាពជា​ស្ត្រី​កំពុង​ផ្លាស់ប្តូរ​អ្វីៗ​ទាំងអស់​” ។

លោក Rubiales ស្ថិតក្រោមសម្ពាធដែលមិនធ្លាប់មានពីមុនមកក្នុងការលាលែងពីតំណែង ជាមួយ​នឹង​ការ​រិះគន់​ជាច្រើនដូចជា នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez លីគនារីរបស់អេស្ប៉ាញ និង​ក្លឹប La Liga បុរសមួយចំនួន ក៏ដូចជាអន្តរជាតិផងដែរ។

លោក Rubiales ក្រោយមកក៏ចេញសុំទោសជាសាធារណៈផងដែរ តែនាយករដ្ឋមន្ត្រី​អេស្ប៉ាញ​ថា​មិន​គ្រប់​គ្រាន់នៅ​ឡើយទេ៕