ក្រោយពីលោកពូទីន ប្តេជ្ញាបង្កើនការវាយប្រហារ រុស្ស៊ី វាយទីក្រុងនានា របស់អ៊ុយក្រែន

អ៊ុយក្រែន៖ ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារដោយមីស៊ីលយ៉ាងទូលំទូលាយ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងទីក្រុង គៀវ និងទីក្រុង ខាគៀវ នេះបើតាមមន្ត្រីអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃអង្គារ ។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន ៣៥ គ្រឿង និង មីស៊ីលចំនួន ៩៩ គ្រាប់ រួមទាំងមីស៊ីលដែលបាញ់ចេញពីយន្តហោះ និងក្នុងសមុទ្រ ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានទម្លាក់យន្តហោះគ្មានមនុស្សបើកទាំងអស់ និងមីស៊ីលចំនួន ៧២ គ្រាប់ នេះយោងតាមសារព័ត៌មាន VOA ចេញផ្សាយឱ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ។

អាជ្ញាធរបានចេញការប្រកាសអាសន្ន តាមអាកាសជាច្រើនម៉ោងប្រាប់ប្រជាជនឱ្យរកកន្លែងជ្រកកោនពីការវាយប្រហារនេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា “ចាប់តាំងពីថ្ងៃទី ៣១ ខែធ្នូមក បិសាចរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក “Shahed” ចំនួន ១៧០ គ្រឿង និង មីស៊ីលជាច្រើនប្រភេទ ភាគច្រើនដាច់ខាតនៃការវាយប្រហារទាំងនោះ គឺផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

លោកបានដាក់ចំនួនអ្នករបួសនៅត្រឹម ៩២ នាក់ ហើយបាននិយាយថា អ៊ុយក្រែននឹងធ្វើការជាមួយ “មនុស្សគ្រប់រូបនៅជុំវិញពិភពលោកដែលផ្តល់តម្លៃដល់ជីវិត” ដើម្បីជំរុញការការពារដែនអាកាសរបស់អ៊ុយក្រែន និងធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវ។
លោក Zelenskyy បាននិយាយបន្តថា “រដ្ឋភេរវករត្រូវតែមានអារម្មណ៍ថាមានផលប៉ះពាល់នៃសកម្មភាពរបស់ខ្លួន” ។
កំទេចកំទីដែលធ្លាក់ចេញពីមីស៊ីល ដែលត្រូវបានបាញ់ទម្លាក់បានធ្វើឲ្យរងរបួសមនុស្សយ៉ាងហោចណាស់ ២០ នាក់ និងបណ្តាលឱ្យមានអគ្គីភ័យនៅអគារជាច្រើនជាន់ក្នុងរដ្ឋធានីអ៊ុយក្រែន។ មានការផ្ទុះជាច្រើននៅក្នុងទីក្រុង នៅពេលដែលប្រព័ន្ធការពារដែនអាកាសឆ្លើយតបទៅនឹងរលកនៃគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី ដោយភ្លើងបានឆាបឆេះនៅក្នុងសង្កាត់យ៉ាងហោចណាស់ប្រាំ៕