នៅជិតផ្នូររបស់ឧត្តមសេនីយ៍អ៊ីរ៉ង់ ការបំផ្ទុះគ្រាប់បែកចំនួន ២ បានសម្លាប់មនុស្ស ៧៣នាក់។
អ៊ីរ៉ង់៖ ការបំផ្ទុះគ្រាប់បែកចំនួន២ នៅជិតផ្នូរ លោក Qasem Soleimani ជាឧត្តមសេនីយ៍អ៊ីរ៉ង់ សារព័ត៌មានរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៧៣នាក់ ត្រូវបានសម្លាប់ដោយនៅថ្ងៃគម្រប់ខួបលើកទី៤ នៃការធ្វើឃាតរូបលោក ដោយសហរដ្ឋអាមេរិក។
ទូរទស្សន៍រដ្ឋ Irib បានឲ្យដឹងថា មនុស្ស ១៧១នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលការបំផ្ទុះគ្រាប់បែក បានវាយប្រហារក្បួនដង្ហែ នៅជិតវិហារអ៊ីស្លាម Saheb al-Zaman ក្នុងទីក្រុង Kerman ភាគខាងត្បូង។ ទូរទស្សន៍នេះបានដកស្រង់សម្ដីរបស់អភិបាលរងក្រុង Kerman ដែលនិយាយថា នេះគឺជា «ការវាយប្រហារភេរវកម្ម»។ វីដេអូមួយដែលបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញពីសាកសពជាច្រើននាក់រដូករណែលនៅលើផ្លូវមួយ។
គេរាយការណ៍បានថា មនុស្សរាប់រយនាក់ កំពុងដើរឆ្ពោះទៅកាន់ផ្នូរនោះ កាលពីថ្ងៃទី៣ ខែមករា ជាផ្នែកមួយនៃពិធីរំលឹកដល់លោកឧត្តមសេនីយ៍ Soleimani ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសជិតខាងអ៊ីរ៉ាក់ ក្នុងឆ្នាំ២០២២។
សូមបញ្ជាក់ថា លោក Soleimani ត្រូវបានគេមើលឃើញថា ជាឥស្សរជនដ៏មានឥទ្ធិពលបំផុត ក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមេដឹកនាំកំពូលគឺលោក Ayatollah Ali Khamenei។ ក្នុងនាមជាមេបញ្ជាការកងឆ្មាំបដិវត្តន៍បរទេសរបស់កងឆ្មាំប្រតិបត្តិការ កងកម្លាំង Quds រូបលោកគឺជាអ្នកតាក់តែងគោលនយោបាយអ៊ីរ៉ង់ នៅទូទាំងតំបន់៕