ក្រោយបង់ប្រាក់ធានាខ្លួន លោក Trump ត្រូវបានដោះលែង

សហរដ្ឋអាមេរិក៖  លោក Donald Trump បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងដែលត្រូវបានថតរូបនៅពន្ធនាគារ។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រគល់ខ្លួនឲ្យក្រុមអាជ្ញាធរក្នុងពន្ធនាគារស្រុក ហ្វាល់តុន (Fulton ) ក្នុងរដ្ឋចចា (Georgia) ពាក់ព័ន្ធបទចោទប្រកាន់នានា ដែលចោទប្រកាន់លើរូបលោកពីបទរៀបចំផែនការខុសច្បាប់ក្នុងការបង្វែរលទ្ធផលឆ្នោត របស់លោកដែលបានបរាជ័យកាលពីឆ្នាំ២០២០។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២៤សីហា ឆ្នាំ២០២៣ សប្ដាហ៍នេះ  ការថតរូបនៅពន្ធនាគារជាផ្លូវការរបស់លោក Donald Trump  ត្រូវបានបញ្ចេញ បន្ទាប់ពីលោកត្រូវបានសរសេរកំណត់ហេតុនៅពន្ធនាគារអាត្លង់តា ចំពោះបទចោទប្រកាន់ បទព្រហ្មទណ្ឌជាង១០ករណី ជាផ្នែកមួយនៃបទចោទប្រកាន់បទព្រហ្មទណ្ឌជាច្រើនករណី ពីការប៉ុនប៉ងបង្វែរលទ្ធផលឆ្នោតដែលបានបរាជ័យក្នុងរដ្ឋចចា របស់អតីតប្រធានាធិបតីអាមេរិករូបនេះ។ រូបថតក្នុងទឹកមុខស្រពោន មិនញញឹម លោកត្រូវបានថត ដោយមានលេខសម្គាល់អ្នកទោស P01135809 អំឡុងការប្រគល់ខ្លួនរបស់លោក Trump នៅព្រឹកថ្ងៃសុក្រនេះ។

មុនពេលត្រឡប់ទៅកាន់ក្លឹបវាយកូនហ្គោលរបស់លោកវិញនៅរដ្ឋ New Jersey បន្ទាប់ពីបង់ប្រាក់ធានាខ្លួនចំនួន២០ម៉ឺនដុល្លារអាមេរិក លោក Trump បានស្ថិតក្នុងពន្ធនាគាររយៈពេល២០នាទី។