ជាប្រវត្តិសាស្ត្រ សារព័ត៌មានឥណ្ឌាបានដាក់ចំណងជើងធំៗ ព្រោងព្រាត សាទរដល់ការចុះចតនៅភពព្រះចន្ទ
ឥណ្ឌា៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ បណ្ដាញសារព័ត៌មានរបស់ប្រទេសឥណ្ឌា បានដាក់ចំណងជើងធំៗ សម្រាប់ការចុះផ្សាយរបស់ខ្លួន បន្ទាប់ពីយានអវកាស Chandrayaan-3 (ចន្ទ្រាយាន-៣) របស់ឥណ្ឌា បានក្លាយជាយានអវកាសដំបូងគេ ដែលបានចុះចតនៅលើផ្ទៃដីប៉ូលខាងត្បូងរបស់ភពព្រះចន្ទ ដែលមានសភាពដ៏រដិបរដុប និងមិនទាន់មានការរុករក។
ចំណងជើង នៅលើបណ្ដាញសារព័ត៌មាន បានតាំងចំណងជើងធំៗ «ឥណ្ឌានៅពីលើភពព្រះចន្ទ» រហូតដល់ «ចំណុចពេលវេលាដ៏មានអត្ថន័យនៅភពព្រះចន្ទ» ទាំងនោះ បានសាទរអ្នកវិទ្យាសាស្ត្រនៃអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ចំពោះការទទួលបានជោគជ័យ ក្នុងការចុះចតយ៉ាងស្រួលនៅលើភពព្រះចន្ទ សម្រាប់ការប៉ុនប៉ងជាលើកទី២ របស់អង្គការនេះ កាលពីថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។
ដីរដិបរដុបធ្វើឲ្យប៉ូលខាងត្បូងរបស់ភពនេះចុះចតដោយលំបាក ប៉ុន្តែទឹកកក ក្នុងតំបន់ អាចផ្គត់ផ្គង់ប្រេងឥន្ធនៈ អុកស៊ីហ្សែន និងទឹកបរិភោគ សម្រាប់បេសកកម្មនាពេលអនាគត។
ជោគជ័យរបស់ឥណ្ឌា កើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីបេសកកម្មយានអវកាសលូណា-២៥ (Luna-25) របស់រុស្ស៊ី បានបរាជ័យ។ ប្រជាជននៅទូទាំងប្រទេស មិនបានងាកក្រសែភ្នែករបស់ខ្លួនពីអេក្រង់ទូរទស្សន៍នោះឡើយ ហើយបាននាំគ្នាធ្វើការអធិដ្ឋាន នៅពេលដែលយានអវកាស ចុះកាន់តែកៀកនឹងផ្ទៃដីរបស់ភពព្រះចន្ទ។
ពាក្យថា Chandrayaan (ចន្ទ្រាយាន) មានន័យថា «យានភពព្រះចន្ទ» ក្នុងភាសាហិណ្ឌូ និងសំស្ក្រឹត។ នៅឆ្នាំ២០១៩ យានបេសកកម្ម Chandrayaan-2 (ចន្ទ្រាយាន-២) របស់ ISRO បានដាក់ចូលទៅក្នុងគន្លងតារាវិថី ដោយជោគជ័យ ប៉ុន្តែការចុះចតរបស់យាននោះ បានធ្លាក់បុកនឹងផ្ទៃដី៕