អង់គ្លេស កំពុងរៀបចំ ការវាយប្រហារ ទៅលើពួកឧទ្ទាម ហួធី
បរទេស៖ តាមការរាយការណ៍កាលពីថ្ងៃអាទិត្យ កាសែត The Times ថា ចក្រភពអង់គ្លេសកំពុងរៀបចំធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហួធី របស់ប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងរលកនៃការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ដោយកាសែតនេះបានអះអាងថា សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយទៀតក៏នឹងចូលរួមក្នុងការវាយប្រហារតាមអាកាសនេះដែរ។
ចំនែកឯសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរំពឹងថា នឹងបញ្ចេញសេចក្តីថ្លែងការណ៍រួមមួយ នៅពេលក្រោយនៅថ្ងៃអាទិត្យ ដោយព្រមានក្រុមហួធីឱ្យបញ្ឈប់ការវាយប្រហាររបស់ពួកគេភ្លាមៗ ឬប្រឈមមុខនឹងសកម្មភាពយោធាពីលោកខាងលិច។
ប្រភពរបស់រដ្ឋាភិបាលអង់គ្លេសបានប្រាប់កាសែត The Times ថា សារនេះមានគោលបំណងជា “ការព្រមានចុងក្រោយ”។ ប្រសិនបើយុទ្ធជនយេម៉ែនខកខានមិនបានស្តាប់ការព្រមាន នោះ នាវា និងយន្តហោះចម្បាំងរបស់អង់គ្លេសនឹងអាមេរិក និងបាញ់មីស៊ីលទៅកាន់គោលដៅ “ដែលបានគ្រោងទុកជាមុន” ក្នុងប្រទេសយេម៉ែន និងនៅលើសមុទ្រក្រហម។
កាសែត The Times បានរាយការណ៍ដោយបន្ថែមថា “ប្រទេសនៅអឺរ៉ុប” ដែលមិនបញ្ចេញឈ្មោះនឹង ” ប្រហែលជា” ចូលរួមប្រតិបត្តិការផងដែរ។
សូមជម្រាបថា ពួកឧទ្ទាម ហួធី ដែលគ្រប់គ្រងមួយផ្នែកធំនៃទឹកដីយេម៉ែន បានវាយប្រហារកប៉ាល់ដឹកកុងតឺន័ររាប់សិបគ្រឿងនៅក្នុងសមុទ្រក្រហម ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងក្នុងខែតុលា ក្នុងគោលបំណងជំរុញចរាចរណ៍ទំនិញចេញពីរដ្ឋជ្វីហ្វ និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលសម្រាប់ ដរាបណាយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតែបន្ត៕