ទោះមានភាពតានតឹងឡើងកម្ដៅកាន់តែខ្លាំង អ៊ីរ៉ង់បានបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រក្រហម។

អ៊ីរ៉ង់៖ នាវាចម្បាំង អាល់បស (Alborz) របស់អ៊ីរ៉ង់ បានចូលក្នុងសមុទ្រក្រហមតាមរយៈច្រកសមុទ្រ បាប អាល់ ម៉ាន់ដេប(Bab al-Mandeb)ជាយុទ្ធសាស្ត្រ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើង លើផ្លូវទឹកដ៏សំខាន់ជាសកល នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ។

ទីភ្នាក់ងារព័ត៌មាននេះ បាននិយាយកាលពីថ្ងៃចន្ទថា នាវាពិឃាត Alborz បានចូលសមុទ្រក្រហម ដោយឆ្លងកាត់ផ្លូវទឹក Bab al-Mandeb នៅចុងភាគខាងត្បូងនៃសមុទ្រក្រហម ដោយភ្ជាប់ជាមួយឈូងសមុទ្រ អាដែន(Aden) ក្នុងមហាសមុទ្រឥណ្ឌា។

កងនាវាជើងទឹករបស់អ៊ីរ៉ង់ បាននឹងកំពុងប្រតិបត្តិការនៅក្នុងតំបន់នេះ ដើម្បីធានាផ្លូវដឹកជញ្ជូន ការវាយប្រហារពីចោរសមុទ្រ ក្នុងចំណោមគោលបំណងផ្សេងទៀតចាប់តាំងពីឆ្នាំ ២០០៩មក បើតាមប្រភពខាងលើបានបន្ថែម។

សហរដ្ឋអាមេរិកកាលពីដើមខែធ្នូ បានបង្កើតក្រុមការងារកងទ័ពជើងទឹកចម្រុះជាតិសាសន៍ សម្រាប់សមុទ្រក្រហម បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនពីសំណាក់ក្រុមឧទ្ទាមហ៊ួធី(Houthi) របស់ប្រទេសយេម៉ែន ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ លើនាវាជំនួញ ដែលនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនផ្អាកការឆ្លងកាត់តំបន់ ដែលមានភាពតានតឹងខាងយោធាខ្លាំងនាពេលបច្ចុប្បន្ននេះ។

ចំនែកក្រុមហ៊ួទីនិយាយថា ការវាយប្រហារនេះ គឺជាការបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានរងការឡោមព័ទ្ធ ជាទីដែលអ៊ីស្រាអែលកំពុងបន្តយុទ្ធនាការទម្លាក់គ្រាប់បែក រយៈពេលជាច្រើនខែមកនេះ។

យោងតាមសភាដឹកជញ្ជូនអន្តរជាតិ ១២ ភាគរយនៃពាណិជ្ជកម្មពិភពលោកឆ្លងកាត់សមុទ្រក្រហម ដែលផ្តល់ផ្លូវកាត់ឆ្លងកាត់ទ្វីបអាហ្រ្វិកតាមរយៈព្រែកជីកស៊ុយអេ។

របាយការណ៍របស់សារព័ត៌មានTasnim កើតឡើងមួយថ្ងៃបន្ទាប់ពីឧទ្ធម្ភាគចក្រកងទ័ពជើងទឹកអាមេរិកបានបាញ់ទៅលើក្រុមឧទ្ទាមហ៊ួធី ដែលប៉ុនប៉ងឡើងលើនាវាដឹកទំនិញមួយក្បែរប្រទេសយេម៉ែន ដោយក្រុមឧទ្ទាមរាយការណ៍ថា អ្នកប្រយុទ្ធចំនួន ១០ នាក់បានស្លាប់៕