រាជរដ្ឋាភិបាលយកថ្ងៃទី២៩ធ្នូជា«ទិវាសន្តិភាពនៅកម្ពុជា» នាយទាហាន ពលទាហាន ប្រកាសគាំទ្រពេញទំហឹង
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ជារៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា» នាយទាហានពលទាហាន នៃកងយោធពលខេមរភូមិន្ទ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងថា ជាថ្ងៃជាតិផ្លូវការមួយនៅកម្ពុជាដោយឲ្យមានការឈប់សម្រាក ជាសាធារណៈខណៈការកំណត់ថ្ងៃទី២៩ ជាថ្ងៃបុណ្យជាតិនេះ
ត្រូវបាននាយទាហានពលទាហានទាំងនោះយល់ឃើញថា វាជាការល្អបំផុតដើម្បីជាសារមួយដល់ពលរដ្ឋគ្រប់រូបឲ្យយល់ពីតម្លៃសន្តិភាពបន្ថែមទៀតនៅកម្ពុជា។
ជាកាដូរឆ្នាំថ្មី ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យកំណត់យករាល់ថ្ងៃទី២៩ ជារៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា» ហើយក៏ជាថ្ងៃជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដោយឲ្យមានការឈប់សម្រាកជាសាធារណៈផងដែរ ខណៈការកំណត់យកថ្ងៃទី២៩ជាទិវាសន្តិភាពនៅកម្ពុជានេះ គឺដើម្បីឆ្លើយទៅនឹងបំណងប្រាថ្នាដ៏ពិសដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រលាញ់សន្តិភាព និងការស្អប់ខ្ពើមសង្រ្គាម។
តាមរយៈបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន ឧត្ដមសេនីយ៍ត្រី យុង ខេមរា មេបញ្ជាការងកងពលតូចលេខ៧០ បានលើកឡើងថា ការរៀបចំឲ្យមានទិវាសន្តិភាពនៅកម្ពុជានេះ គឺពិតជាល្អបំផុតសម្រាប់កម្ពុជាទាំងមូល ពីព្រោះថាវាជាការ ដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឲ្យចងចាំជានិច្ចអំពី ទុក្ខលំបាកវេទនា របស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្រ្គាម និងការបែកបាក់ជាតិ ព្រមទាំងបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគតឲ្យដឹងច្បាស់«គុណតម្លៃនៃសុខសន្តិភាព» ហើយរួមគ្នាលើកកម្ពស់«វប្បធម៌សន្តិភាព» នៅកម្ពុជា ជាពិសេសការចូលរួមការពារ និងថែរក្សាឲ្យបានដាច់ខាតនូវ«សុខសន្តិភាព»ដែលរកបានដោយកម្រនេះ។
រីឯលោកវរសេនីយ៍ទោ វិន យ៉ូរ៉ូហាស៊ីឈីរ៉ូជំនួយការហិរញ្ញវត្ថុ នាយកដ្ឋានហិរញ្ញវត្ថុ អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ ក៏បានបង្ហាញការគាំទ្ររបស់ខ្លួនពេញទំហឹងផងដែរ ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលយកថ្ងៃទី២៩ជាថ្ងៃ«ទិវាសន្តិភាពនៅកម្ពុជា» មូលហេតុដែលលោកគាំទ្រ ដោយសារប្រវត្តិសាស្រ្តរបស់កម្ពុជា ពីមុនពោលគឺជាង៤០ឆ្នាំមុនមានទុក្ខលំបាកយ៉ាងខ្លាំងដោយសារតែឥទ្ធិពលនៃសង្រ្គាម។ ប៉ុន្តែបន្ទាប់ពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានធ្វើឲ្យកម្ពុជាទាំងមូលមានការបង្រួបបង្រួមគ្នា មានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។
ក្នុងនាមជាកងកម្លាំងយោធាមួយរូបដែរនោះ លោក អនុសេនីយ៍ទោ អ៊ឹម ម៉ានិន ជំនួយការការិយាល័យទី៥ កងពលតូចលេខ៧០ ក៏បានប្រកាសគាំទ្រផងដែរចំពោះអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដោយ លោកលើកឡើងថា «ទិវាសន្តិភាពនៅកម្ពុជា»នេះ ក៏ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្រ្គាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ និងព្រះរាជាណាចក្រកម្ពុជា ដោយនយោ បាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ជាមួយគ្នានោះដែរ លោកវរសេនីយ៍ត្រី ជឿន វិបឿន ក៏បានលើកឡើងផងដែថា ការសម្រេចរបស់ រាជរដ្ឋាភិបាល ដែលបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជានេះ គឺជាការល្អ ពីព្រោះវា ជាការំលឹកដល់ការបញ្ចប់សង្រ្គាមទាំងស្រុង និងជាការដឹងគុណយ៉ាងធំធេងចំពោះមគ្គុទេសក៍ឯករបស់កម្ពុ ជា គឺសម្តេចតេជោ ហ៊ុន សែន គោរពនូវវារៈភាពរបស់អ្នកស្នេហាជាតិ និងវារៈនារីស្នេហារបស់កម្ពុជា ដែលបានប្រយុទ្ធតស៊ូរ យ៉ាងស្វិតស្វាញនូវសមរភូមិ ទាំងសមរភូមិសង្រ្គាម និងការទូតជាដើមនោះ។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីទិវាសន្តិភាពនៅកម្ពុជា ដែលបានចេញនៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤នេះ បានលើកឡើងទៀតថា «ទិវាសន្តិភាពនៅកម្ពុជា»នេះ ក៏ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្រ្គាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ និងព្រះរាជាណាចក្រកម្ពុជា ដោយនយោ បាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ជាការរំលឹកដឹងគុណ និងចងចាំជានិច្ចនូវគំរូវីរភាពដ៏ អង់អាចក្លាហាន និងការធ្វើពិលិកម្មគ្រប់បែបយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្រ្គាម ទំាំង សមរភូមិការទូត ទំាងសមរភូមិនយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្រ្គាមនៅកម្ពុជា ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខ សន្តិភាពពេញលេញផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជាជាដើម៕