ការជំរុញឲ្យមានការប្រុងប្រយ័ត្នក្នុងតំបន់ពី ចិន ស្របពេលយោធាអាមេរិក បង្កើនការដាក់ពង្រាយកម្លាំង។
ប៉េកាំង៖ ក្រសួងការពារជាតិរបស់ប្រទេសចិន បានជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក មានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលសហរដ្ឋអាមេរិក បង្កើនការពង្រាយយោធានៅក្នុងតំបន់ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីផែនការរបស់សហរដ្ឋអាមេរិក ដើម្បីស្តារឡើងវិញនូវអាកាសយានដ្ឋានប៉ាស៊ីហ្វិកមួយ ដែលបានបាញ់ទម្លាក់គ្រាប់បែកអាតូមិកទៅលើប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វ៉ូ ឈាន (Wu Qian) បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា យោធាចិនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ហើយនឹងការពារយ៉ាងរឹងមាំនូវសិទ្ធិដែនសមុទ្រ សន្តិសុខ និងអធិបតេយ្យភាពរបស់ចិននៅក្នុងតំបន់ ។
កាលពីដើមខែធ្នូ ឧត្តមសេនីយកងទ័ពអាកាសអាមេរិកបានប្រាប់សារព័ត៌មាន នីកគី (Nikkei) របស់ជប៉ុនថា យោធាអាមេរិកនឹងធ្វើឱ្យមាន «វឌ្ឍនភាពដ៏សំខាន់» ឆ្ពោះទៅរកការទាមទារយកមកវិញនូវអាកាសយានដ្ឋាន ធីននៀន ណស (Tinian North) ពីតំបន់ព្រៃក្រាស់នៅប៉ុន្មានខែខាងមុខនេះ ដែលជាផ្នែកនៃផែនការផ្ទុកយន្តហោះនៅទូទាំងឥណ្ឌូ-តំបន់ប៉ាស៊ីហ្វិក ខណៈការគំរាមកំហែងមីស៊ីលរបស់ចិនកាន់តែខ្លាំងក្លាឡើង។
អាកាសយានដ្ឋាន ដែលត្រូវបានបោះបង់ចោលក្រោយសង្គ្រាមលោកលើកទី២នោះ ស្ថិតនៅលើកោះ ធីននៀន (Tinian) ដែលជាផ្នែកនៃប្រជុំកោះ ណសធើន ម៉ារីអាណា (Northern Mariana) ដែលជាទឹកដីរបស់សហរដ្ឋអាមេរិក និងចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគខាងជើងនៃដែនដីហ្គាំ៕