ក្រុមឧទ្ទាមហ៊ួទី នៅយេម៉ែន អាមេរិកដាក់ទណ្ឌកម្មបន្ថែម លើបណ្តាញផ្តល់ប្រាក់កម្ចី។
បរទេស៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើអង្គភាពសេវាកម្មប្តូរប្រាក់ ពីប្រទេសយេម៉ែន និងទួរគី ដែលត្រូវបានចោទប្រកាន់ថា បានជួយផ្តល់មូលនិធិដល់ក្រុមឧទ្ទាមហ៊ួទី គាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលបាននិងកំពុងបើកការវាយប្រហារលើ នាវាដឹកជញ្ជូនពាណិជ្ជកម្មនៅសមុទ្រក្រហមភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
បានរួមបញ្ចូលនៅក្នុងការដាក់ទណ្ឌកម្ម មានប្រធានអន្តរការីហិរញ្ញវត្ថុ នៅទីក្រុងសាណា( Sana’a) ប្រទេសយេម៉ែន រួមជាមួយនឹងទីតាំងប្តូរប្រាក់ចំនួនបីកន្លែងនៅប្រទេសយេម៉ែន និងទួរគី។ រតនាគារសហរដ្ឋអាមេរិក បានចោទប្រកាន់ថា បុគ្គលនិងក្រុមហ៊ុនជាច្រើន បានជួយផ្ទេរប្រាក់រាប់លានដុល្លារទៅឱ្យក្រុមហ៊ួទី តាមការណែនាំរបស់អ្នកសម្របសម្រួលហិរញ្ញវត្ថុអ៊ីរ៉ង់ដែលត្រូវបានដាក់ទណ្ឌកម្ម លោក Sa’id al-Jamal ។
ការដាក់ទណ្ឌកម្មនេះ រារាំងការចូលទៅប្រើប្រាស់ទ្រព្យធន និងគណនីធនាគារ របស់សហរដ្ឋអាមេរិក និងរារាំងបុគ្គល និងក្រុមហ៊ុនគោលដៅ មិនឱ្យធ្វើពាណិជ្ជកម្មជាមួយពលរដ្ឋអាមេរិក។ ចំណាត់ការកាលពីថ្ងៃព្រហស្បតិ៍ គឺជាជុំចុងក្រោយនៃទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ដែលមានបំណងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ួទី។ កាលពីដើមខែនេះ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងបុគ្គល និងក្រុមហ៊ុនចំនួន ១៣ ដែលត្រូវបានចោទប្រកាន់ថា កំពុងផ្តល់ប្រាក់រាប់សិបលានដុល្លារពីការលក់ និងដឹកជញ្ជូនទំនិញរបស់ប្រទេសអ៊ីរ៉ង់ទៅឱ្យក្រុមហ៊ួទី នៅក្នុងប្រទេសយេម៉ែន។ លោក Brian E Nelson អនុរដ្ឋមន្ត្រីរតនាគារសម្រាប់ការស៊ើបអង្កេតភេរវកម្ម និងហិរញ្ញវត្ថុ បាននិយាយថា ចំណាត់ការកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ដំណោះស្រាយរបស់យើងក្នុងការរឹតបន្តឹងលំហូរសាច់ប្រាក់ខុសច្បាប់ទៅកាន់ក្រុមហ៊ួទី ដែលបន្តវាយប្រហារដ៏គ្រោះថ្នាក់លើការដឹកជញ្ជូនអន្តរជាតិ និងហានិភ័យធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។
លោក Nelson បានថ្លែងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងបន្តកំណត់គោលដៅ បណ្តាញសម្របសម្រួលសំខាន់ៗ ដែលផ្តល់លទ្ធភាពបង្កសកម្មភាពអស្ថិរភាពរបស់ក្រុមឧទ្ទាមហ៊ួទី និងអ្នកគាំទ្ររបស់ក្រុមនេះ នៅក្នុងប្រទេសអ៊ីរ៉ង់៕