តុលាការចោទប្រកាន់ ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »

នៅក្នុងទឹកដីខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្រុមក្មេងទំនើងចំនួន០៤នាក់ ដែលបានប្រើប្រាស់ហិង្សាប្រើដាវ និងពូថៅ បង្កហិង្សាកាប់ប្រហារដល់ជនរងគ្រោះជាច្រើននាក់ ត្រូវបានលោក សំម រិទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ចំនួន០២បទល្មើស និងបញ្ចូនសំណុំរឿងទៅបើកការស៊ើបសួរតាមនីតិវិធីច្បាប់បន្ត ។

ចោទប្រកាន់ពីបទ « ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស » និងបទ « ប៉ុនប៉ងឃាតកម្ម » តាមមាត្រា ២១៨ , មាត្រា ២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ លើជនជាប់ចោទទាំង០៤នាក់ ។ ជនជាប់ចោទទាំង០៤នាក់មានឈ្មោះ ដូចខាងក្រោម៖
ទី១៖ ហឿន ប៊ុនលាភ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ សិស្ស។
ទី២ឈ្មោះ ហ៊ុន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៣ ឈ្មោះ ធី ម៉ា ហៅ ឡា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
និងទី៤ ឈ្មោះ នូ សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស ។

សូមរំលឹកថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ០៤ នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវចំនួន ០៣ ដើម និងពូថៅ ចំនួន ០១ដើម ព្រួតគ្នាកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួស) ចំនួន ០២ ករណី ។

ករណីទី១. ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវចំនួន ០៣ ដើម និងពូថៅ ចំនួន ០១ដើម ព្រួតគ្នាកាប់លើជនរងគ្រោះបណ្តាលឲ្យត្រូវថ្ពាល់ខាងឆ្វេងរយៈពីគុម្ពត្រចៀកដល់ចុងរង្វះមាត់ ត្រូវកំភួនជើងស្តាំដាច់រយៈដល់ឆ្អឹង រងរបួសជាទម្ងន់សន្លប់បាត់ស្មារតី) កើតហេតុនៅចំណុចមាត់ទន្លេ ផ្លូវទន្លេសាប ក្រុម៧ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ១៥ នាទី ។

ករណីទី២ កើតឡើងនៅចំណុចផ្លូវលេខ២១ កែងផ្លូវលេខ១១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ៤០ នាទី ៕