នៅភាគឦសានទីក្រុងប៉ារីស នគរបាលបារាំងបានចាប់ខ្លួនបុរសម្នាក់ ក្រោយរកឃើញសាកសពមនុស្ស ៥នាក់ក្នុងផ្ទះល្វែង។
បារាំង៖ ស្ថិតនៅតំបន់ភាគឦសានទីក្រុងប៉ារីស ប្រទេសបារាំង ការស៊ើបអង្កេតឃាតកម្ម ត្រូវបានធ្វើឡើង ក្រោយសាកសពមនុស្ស ៥នាក់ បានរកឃើញនៅក្នុងផ្ទះល្វែងមួយខ្នង ។ ក្រុមរដ្ឋអាជ្ញាបារាំង និយាយថា ជនរងគ្រោះ គឺជាស្រ្តីម្នាក់ និងកូន ៤នាក់របស់គាត់ ដែលមានអាយុ ចាប់ពី ៩ខែរហូតដល់ ១០ឆ្នាំ ។
នៅទីក្រុង Meaux ស្ថិតនៅចម្ងាយប្រហែល ៤០គ.ម ពីរដ្ឋធានីប្រទេសប្រទេសបារាំងមួយនេះ សាកសពរបស់ពួកគេ ត្រូវបានរកឃើញកាលពីយប់ថ្ងៃចន្ទ ។
ក្រុមនគរបាល បានស្វែងរកចាប់ខ្លួនឪពុកវ័យ ៣៣ឆ្នាំរបស់ពួកគេ ហើយនៅថ្ងៃអង្គារនេះ ពួកគេបានចាប់ខ្លួនបុរសម្នាក់ បើតាមការរាយការណ៍ដោយសារព័ត៌មានបារាំង ។
សាច់ញាតិជនរងគ្រោះ បានប្រកាសអាសន្ន ក្រោយពួកគេមិនអាចទាក់ទងជាមួយគ្រួសារមួយនេះ ។ លោក Jean-Baptiste Bladier ជារដ្ឋអាជ្ញា បញ្ជាក់ប្រាប់សារព័ត៌មានបារាំងថា នគរបាយុត្តិធម៌ កំពុងបើកការស៊ើបអង្កេតលើករណីឃាតកម្មមួយនេះ ។ លោកនិយាយថា ផ្ទះល្វែងគ្មានសញ្ញាណាមួយនៃការលួចចូលនោះទេ ហើយឪពុករបស់ក្មេងៗក៏គ្មានវត្តមាននៅនោះផងដែរ ។
សូមរំឭកថា កាលពីចុងខែវិច្ឆិកាកន្លងទៅ បុរសវ័យ ៤១ឆ្នាំម្នាក់ បានសារភាពថា ខ្លួនបានសម្លាប់កូនស្រី ៣នាក់របស់គាត់ ដែលមានអាយុ ៤ឆ្នាំ ១០ឆ្នាំ និង ១១ឆ្នាំ ហើយលោកក៏បានប្រគល់ខ្លួនជូនក្រុមនគរបាល ។ ក្រុមនគរបាល បានរកឃើញសាកសពរបស់ក្មេងស្រីរងគ្រោះទាំង ៣នាក់ នៅក្នុងផ្ទះរបស់គាត់ ស្ថិតក្នុងទីក្រុង Alfortville នៅភាគអាគ្នេយ៍ទីក្រុងប៉ារីស ៕