សេដ្ឋកិច្ច៖ ជន្ទុលកំណើនសេដ្ឋកិច្ចជាតិ ក៏មាន«វិស័យធនាគារ»
ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ វិស័យធនាគារក៏ដើរតួនាទីសំខាន់ ប្រៀបបានទៅនឹងបេះដូង ដែលប្រមូល នឹងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្សផងដែរ។ វិស័យធនាគារ បានជួយសម្រួលដល់ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋជាច្រើនលាននាក់ ជាពិសេសជួយជំរុញដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើន។ នេះជាប្រសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីសម្ភោធជាផ្លូវការអគារធនាគារវីងថៅវើ កាលពីថ្ងៃទី២០ ខែធ្នូកន្លងមកនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យធនាគារដើរតួនាទីសំខាន់ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ច និងភាពរឹងមាំ និងភាពធន់របស់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ និងដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម4.0 ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និងជាចលករសំខាន់គ្របដណ្តប់លើគ្រប់ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច រួមទាំងវិស័យហិរញ្ញវត្ថុ និងធនាគារ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្ត «គោលនយោបាយ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ ជាអតិបរមាពីបរវិត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់ភាពប្រកួតប្រជែង ក្នុងវិស័យធនាគារ។
សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ការចាប់យក និងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើន ប្រកបដោយចីរភាពសម្រាប់ពេលអនាគត៕