អវកាសយាន SLIM ជប៉ុន ហោះចូលដល់គន្លងតារាវិថីព្រះចន្ទ។

បន្ទាប់ពី សូវៀត សហរដ្ឋអាមេរិក ចិន និងឥណ្ឌា យានអវកាស SLIM នឹងត្រៀមខ្លួនចុះចតលើផ្ទៃរបស់ព្រះចន្ទនៅក្នុងខែមករា ឆ្នាំ 2024 ដែលអាចនាំឱ្យជប៉ុនក្លាយជាប្រទេសទីប្រាំធ្វើបានដូច្នេះ ។

យានចុះចតលើឋានព្រះចន្ទដោយស្វ័យប្រវត្តិ SLIM របស់ជប៉ុន បានហោះដល់គន្លងតារាវិថីព្រះចន្ទកាលពីថ្ងៃទី 25 ធ្នូ 2023 ដូចការគ្រោងទុក។ នេះបើតាមទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន (ចាសា – JAXA)។ SLIM ឆ្ពោះចូលដល់គន្លងតារាវិថីព្រះចន្ទ កាលពីវេលាម៉ោង១៣ និង៥៥នាទី ថ្ងៃទី២៥ ខែធ្នូ ម៉ោងនៅកម្ពុជា។

យាន SLIM កំពុងហោះហើរទៅតាមគន្លងគោចររាងពងក្រពើ និងចំណាយពេល 6.4 ម៉ោង ដើម្បីហោះបានមួយជុំព្រះចន្ទ ពីកម្ពស់ 600 គីឡូម៉ែត្រនៅតំបន់ ដែលជិតបំផុត និង4,000 គីឡូម៉ែត្រ នៅតំបន់ដែលឆ្ងាយបំផុត បើយោងតាមចាសា ។ នេះក៏ជាជំហានថ្មីដែលបញ្ជាក់ថា SLIM កំពុងឆ្ពោះជិតដល់គោលដៅចុះចតលើឋានព្រះចន្ទនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

នេះនឹងជាជោគជ័យក្នុងប្រវត្តិសាស្ត្រ ព្រោះថា មកដល់បច្ចុប្បន្ន មានតែប្រទេសចំនួនបួនប៉ុណ្ណោះ រួមមាន សូវៀត សហរដ្ឋអាមេក ចិន និងឥណ្ឌា ដែលបានបញ្ជូនយានអវកាសទៅចុះចតលើផ្ទៃព្រះចន្ទដោយជោគជ័យ។

យាន SLIM ដែលមានប្រវែង 2.7 ម៉ែត្រ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ រួមជាមួយនឹង XRISM ជាតេឡេស្កុបអវកាសប្រើកាំរស្មី X កម្លាំងខ្លាំង។

ចាសាឱ្យដឹងថា SLIM មានបេសកកម្មស្វែងរកវិធីចុះចតប្រកបដោយសុវត្ថិភាព ដែលជារឿងចាំបាច់សម្រាប់យានចុះចតនាពេលអនាគត៕