រុស្ស៊ីបានផ្តល់ព័ត៌មានសម្ងាត់ ឲ្យស៊ែប៊ី អំពីផែនការធ្វើបដិវត្តន៍ពណ៌ ដោយក្រុមប្រឆាំង ចោទបក្សកាន់អំណាចថា លួចសន្លឹកឆ្នោត។

ស៊ែប៊ី៖ លោកស្រី Ana Brnabiс នាយករដ្ឋមន្ត្រីស៊ែប៊ី បានសម្តែងការដឹងគុណ ចំពោះសេវាកម្មសន្តិសុខរុស្ស៊ី ដែលបានជូនដំណឹង ដល់រដ្ឋាភិបាលទីក្រុងបែលក្រាដ អំពីផែនការ នៃការធ្វើកុបកម្មនៅក្នុងរដ្ឋធានី បែលក្រាដ។

ក្រុមបាតុករគាំទ្រ លោកខាងលិចបានប៉ុនប៉ងទម្លុះចូល ទៅក្នុងអគាររដ្ឋាភិបាល ក្នុងទីក្រុង បែលក្រាដ កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងអ្វី ដែលប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានហៅថា ជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។ ខណៈពេលដែលលោក Vucic ដំបូងបានថ្លែងអំណរគុណចំពោះ “សេវាកម្មបរទេស” ដែលមិនបញ្ចេញឈ្មោះ សម្រាប់ការអនុញ្ញាតឱ្យសេវាកម្មសន្តិសុខរបស់លោក “ដឹងច្បាស់ពីអ្វី ដែលប្រព្រឹត្ដបទឧក្រិដ្ឋកំពុងរៀបចំ” ហើយដែលក្រោយមក លោកស្រី Brnabiс ក្រោយមកបានបង្ហើបថា ទីក្រុង មូស្គូ ជាអ្នកប្រាប់ទីក្រុង បែលក្រាដ អំពីផែនការនេះ។

នាយករដ្ឋមន្ត្រីស៊ែប៊ី លោកស្រី Brnabic បានប្រាប់ទូរទស្សន៍ TV Pink កាលពីយប់ថ្ងៃអាទិត្យថា “ខ្ញុំមានអារម្មណ៍ថាវាមានសារៈសំខាន់ ជាពិសេសនៅយប់នេះ ដើម្បីក្រោកឈរឡើង សម្រាប់ប្រទេសស៊ែប៊ី និងអរគុណដល់សេវាកម្មសន្តិសុខរុស្ស៊ីដែលមានព័ត៌មាននោះ និងអ្នកដែលចែករំលែកវាជាមួយយើង” ។

សូមជម្រាបថា ការតវ៉ាប្រឆាំងរដ្ឋាភិបាលបានផ្ទុះឡើងនៅក្នុងប្រទេសស៊ែប៊ីកាលពីថ្ងៃចន្ទ ដោយក្រុមប្រឆាំងបានចោទប្រកាន់គណបក្សរីកចម្រើនស៊ែប៊ី (SNS) ដែលកំពុងកាន់អំណាចពីបទ “លួចសន្លឹកឆ្នោត” ក្នុងអំឡុងពេលការបោះឆ្នោតសភា កាលពីសប្តាហ៍មុន ដែលក្នុងនោះគណបក្សនេះ បានផ្តួលក្រុមចម្រុះដែលគាំទ្រសហភាពអឺរ៉ុបស៊ែប៊ីប្រឆាំងនឹងអំពើហិង្សា (SPN) ៕