រឿង “ប៉េងប៉ោងចារកម្ម” របស់ចិន សេតវិមានគ្រោងនឹងត្រួតពិនិត្យ។

អាមេរិក៖ មន្ត្រីមកពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ដំបូងឡើយសង្ឃឹមថា នឹងលាក់បាំងរឿងប៉េងប៉ោង របស់ចិនពីសាធារណជន និងសូម្បីតែសភា ប៉ុន្តែមន្ត្រីបារម្ភថារឿងនេះអាចបង្ក ឱ្យមានការតវ៉ាជាសាធារណៈ និងបំផ្លាញទំនាក់ទំនងជាមួយចិន យោងការអះអាងលើរបាយការណ៍ថ្មីរបស់សារព័ត៌មាន NBC News ។

កាលពីដើមខែកុម្ភៈ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់នូវ អ្វីដែលខ្លួនបានពិពណ៌នាថា សង្ស័យថាជា “ប៉េងប៉ោងចារកម្ម (ឈ្លបយកការណ៍)” របស់ចិននៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina ដោយអាមេរិកអះអាងថា ទីក្រុងប៉េកាំងកំពុងប្រើប្រាស់ប៉េងប៉ោងនេះដើម្បី “ឃ្លាំមើលទីតាំងយុទ្ធសាស្ត្រ” នៅក្នុងសហរដ្ឋអាមេរិក នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។ ទោះយ៉ាងណាក៏ដោយ ក្រោយមក មន្ទីរបញ្ចកោណបានសារភាពថា កប៉ាល់នេះមិនបានប្រមូលព័ត៌មានសម្ងាត់នោះទេ។

ចំណែកប្រទេសចិនវិញ បានពណ៌នាប៉េងប៉ោងនេះថាជា “អាកាសយានអាកាសស៊ីវិល” ដែលបានវង្វេងចូលទៅ ក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក ដោយសារតែកាលៈទេសៈ ដែលមិនបានព្យាករណ៍បាន។ នៅពេលនោះ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានសង្កត់ធ្ងន់ទៅលើការឈ្លានពានរបស់ចិន ឧបទ្ទវហេតុនេះបាននាំឱ្យមានភាពតានតឹង យ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

មេបញ្ជាការកងទ័ពអាកាស ទទួលបន្ទុកដែនអាកាសអាមេរិក គឺឧត្តមសេនីយ៍ ហ្គ្លិន វ៉ាន់ហើក បានប្រាប់ទីប្រឹក្សាយោធាកំពូលរបស់លោក Biden គឺឧត្តមសេនីយ Mark Milley កាលពីថ្ងៃទី២៧ ខែមករាថា អស់រយៈពេលប្រហែលដប់ថ្ងៃហើយ ដែលពួកគេបានតាមដានវត្ថុអាថ៌កំបាំងមួយ ដែលកំពុងហោះហើរជុំវិញអាស៊ីប៉ាស៊ីហ្វិក នេះយោងតាមអត្ថបទរបស់សារព័ត៌មាន NBC ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ។ នៅក្នុងការហៅទូរសព្ទដែល មិនបានរាយការណ៍ពីមុនមក លោក វ៉ាន់ហើក បាននិយាយថា មន្ទីរបញ្ចកោណគ្រោងនឹងបញ្ជូន យន្តហោះយោធាអាមេរិក ដើម្បីវាយតម្លៃវត្ថុនោះ។

បើយោងតាម NBC លោក Biden មិនត្រូវបានគេរាយការណ៍សង្ខេប អំពីប៉េងប៉ោងរហូតដល់ថ្ងៃទី ៣១ ខែមករា។ បន្ទាប់មកគាត់បានស្នើឱ្យយោធា បង្កើតផែនការសម្រាប់វិធីដោះស្រាយវា។ ក្រោយមក កាលពីថ្ងៃទី១ ខែកុម្ភៈ ខណៈដែលប៉េងប៉ោងកំពុងហោះហើរ លើទឹកដីសហរដ្ឋអាមេរិក សារព័ត៌មាន NBC News បានស្នើសុំការអត្ថាធិប្បាយពីសេតវិមាន ហើយមានតែពេលនោះទេ ទើបក្រុមមន្ត្រីអាមេរិក បានរៀបចំការសង្ខេបសម្រាប់សមាជិកសភា ដោយមានការដឹងជាសាធារណៈអំពីឧប្បត្តិហេតុ មួយថ្ងៃក្រោយមក ៕