ការបោះឆ្នោតរុស្ស៊ី ត្រូវបានរារាំងបេក្ខជនប្រឆាំងសង្រ្គាម មិនឱ្យឈរឈ្មោះបោះឆ្នោតប្រឆាំងទល់នឹងលោកពូទីន។

រុស្ស៊ី៖ លោកស្រី យ៉េកាតឺរីណា ដុនត៍សូវ៉ា (Yekaterina Duntsova) ជាអតីតអ្នកសារព័ត៌មានប្រឆាំងសង្រ្គាមរបស់រុស្ស៊ីម្នាក់ ត្រូវបានដកសិទ្ធិមិនឱ្យឈរឈ្មោះបោះឆ្នោតប្រឆាំងទល់នឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការបោះឆ្នោតនៅខែមីនា ខាងមុខនេះ។ ខណៈលោកស្រី ដុនត៍សូវ៉ា ចង់ប្រកួតប្រជែង នៅលើវេទិកានយោបាយមួយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងដោះលែងអ្នកទោសនយោបាយ។

គណៈកម្មការកណ្តាលរៀបចំការបោះឆ្នោត បានបង្ហាញវីដេអូពីសមាជិករបស់ខ្លួនបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីបដិសេធបេក្ខភាពរបស់លោកស្រីកាលពីថ្ងៃទី២៣ ខែធ្នូ ដោយសារតែការចោទប្រកាន់ពីកំហុសនានា នៅក្នុងពាក្យសុំចុះឈ្មោះរបស់លោកស្រី។

ក្រុមអ្នករិះគន់លោក ពូទីន បាននិយាយថា វាបង្ហាញថាមិនមាននរណាម្នាក់ ដែលមានទស្សនៈប្រឆាំងពិតប្រាកដ នឹងត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងជាមួយលោកពូទីន នៅក្នុងការបោះឆ្នោតប្រធានាធិបតីលើកដំបូង ចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ នោះទេ។

ពួកគេមើលឃើញថា ការបោះឆ្នោតនេះជាដំណើរការមិនពិត ដោយមានលទ្ធផលចុងក្រោយតែមួយប៉ុណ្ណោះ។ នៅពេលដែលលោកស្រី ដុនត៍សូវ៉ា បាននិយាយកាលពីខែមុនថាខ្លួនចង់ឈរឈ្មោះបោះឆ្នោត ក្រុមអ្នកអត្ថាធិប្បាយបានពណ៌នាលោកស្រីថាជាមនុស្សឆ្កួត ក្លាហាន ឬជាផ្នែកមួយនៃផែនការដែលរៀបចំដោយវិមានក្រឹមឡាំង ដើម្បីសម្ដែងការបោះឆ្នោតដោយយុត្តិធម៌ក្លែងក្លាយមួយ។

វិមានក្រឹមឡាំងលើកឡើងថា លោកពូទីន នឹងឈ្នះការបោះឆ្នោតនេះដោយសារតែលោកទទួលបានការគាំទ្រយ៉ាងពិតប្រាកដនៅទូទាំងសង្គម ជាមួយនឹងការវាយតម្លៃមតិប្រហែល ៨០%។ ការទទួលបានអាណត្តិរយៈពេលប្រាំមួយឆ្នាំទៀត នឹងធ្វើឱ្យលោកពូទីន ក្លាយជាអ្នកគ្រប់គ្រងដ៏យូរបំផុតរបស់ប្រទេសរុស្ស៊ី ចាប់តាំងពីសតវត្សទី១៨ មកដោយយូរជាងមេដឹកនាំសហភាពសូវៀត លោក ចូសែហ្វ ស្តាលីន (Josef Stalin) ទៅទៀត៕