មនុស្សជិត ១៥០នាក់បានសម្លាប់ បណ្តាលមកគ្រោះរញ្ជួយដីនៅចិនធ្វើឱ្យមានការខាតបង់រាប់លានដុល្លារ ។
ចិន៖ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារភាគពាយ័ព្យប្រទេសចិន ក្នុងសប្តាហ៍នេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៨នាក់ បានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ច ដែលប៉ាន់ស្មានថាមានតម្លៃរាប់សិបលានដុល្លារនៅក្នុងឧស្សាហកម្មកសិកម្ម និងនេសាទ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃ ទី២៣ ខែធ្នូ ។
ក្រុមមន្ត្រីនៅខេត្តកាន់ស៊ូ (Gansu) បានធ្វើការវាយតម្លៃបឋមដែលបង្ហាញថា ឧស្សាហកម្មកសិកម្ម និងនេសាទរបស់ខេត្តនេះបានបាត់បង់ចំនួន ៥៣២លានយ័ន ពោលគឺប្រហែលនឹង ៧៤,៦លានដុល្លារអាមេរិក យោងតាមទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ ។
របាយការណ៍បានលើកឡើងថា ក្រុមអាជ្ញាធរកំពុងពិចារណាលើការប្រើប្រាស់ល្អបំផុតនៃមូលនិធិសង្គ្រោះ ដោយបានបង្កើតឡើងប៉ុន្មានថ្ងៃមុន ដើម្បីឲ្យវិស័យកសិកម្មចាប់ផ្តើមផលិតកម្មឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ទូរទស្សន៍ CCTV បាននិយាយថា មនុស្ស ១១៧នាក់ ត្រូវបានសម្លាប់នៅក្នុងខេត្តកាន់ស៊ូ និងមនុស្ស ៣១នាក់ ផ្សេងទៀតបានស្លាប់នៅក្នុងខេត្តឈីងហៃ (Qinghai) ដែលនៅជិតខានោះង ខណៈដែលមនុស្ស ៣នាក់នៅតែបាត់ខ្លួន។ មនុស្សជិត ១.០០០នាក់បានរងរបួស និងលំនៅឋានជាង ១៤.០០០ខ្នងត្រូវបានបំផ្លាញ។
គ្រោះរញ្ជួយដីភាគច្រើនរបស់ប្រទេសចិន បានវាយប្រហារនៅតំបន់ភាគខាងលិចនៃប្រទេស រួមមានខេត្ត កាន់ស៊ូ ខេត្តឈីងហៃ ខេត្តស៊ីឈួន (Sichuan) និងខេត្តយ៉ុនណាន (Yunnan) ព្រមទាំងតំបន់ស៊ីនជាំង (Xinjiang) និងតំបន់ទីបេ ផងដែរ។ គ្រោះរញ្ជួយដីចុងក្រោយនេះ គឺជាគ្រោះរញ្ជួយដីដ៏មហន្តរាយបំផុតនៅក្នុងប្រទេសចិនក្នុងរយៈពេលប្រាំបួនឆ្នាំមកនេះ៕