ច្រានចោលការជួយរៀបផែនការ ក្រុមឧទ្ទាមហ៊ូធី ពីអ៊ីរ៉ង់ ក្នុងការវាយប្រហារលើនាវាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។

អ៊ីរ៉ង់៖ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ពួកគេជាប់ពាក់ព័ន្ធនឹងការជួយរៀបផែនការ វាយប្រហាររបស់ក្រុមចលនាហ៊ូធីយេម៉ែនគាំទ្រដោយទីក្រុងតេអេរ៉ង់ លើនាវាពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម កាលពីថ្ងៃសៅរ៍ម្សិលមិញ ។

សេតវិមាន ថ្លែងថា ទីក្រុងតេអេរ៉ង់ បានជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅ ក្នុងការរៀបផែនការប្រតិបត្តិការ ហើយចារកម្មរបស់ពួកគេ សំខាន់ក្នុងការជំរុញឲ្យក្រុមឧទ្ទាមហ៊ូធីវាយប្រហារលើគោលដៅនាវា ។

អ៊ីរ៉ង់គាំទ្រក្រុមឧទ្ទាមហ៊ូធី ប៉ុន្តែពួកគេបានច្រានចោលជាផ្លូវការថាពុំបានផ្តល់អាវុធដល់ក្រុមមួយនេះឡើយ ដែលបានដណ្តើមគ្រប់គ្រងទីក្រុង Sanaa របស់យេម៉ែន ក្រោយផ្តួលរំលំរដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិ ហើយបច្ចុប្បន្នពួកគេគ្រប់គ្រងតំបន់ភាគច្រើននៅក្នុងប្រទេសមួយនេះ ។

ក្រុមឧទ្ទាមហ៊ូធី ដែលនិយាយថា ការវាយប្រហាររបស់ពួកគេមានគោលដៅលើនាវាមានទំនាក់ទំនងជាមួយ អ៊ីស្រាអែល ហើយនិងគាំទ្រជនប៉ាឡេស្ទីន ដែលរងការឡោមព័ទ្ធដោយអ៊ីស្រាអែល នៅតំបន់ហ្គាហ្សានោះ មានគោលដៅលើការដឹកជញ្ជូនពាណិជ្ជកម្មក្នុងសមុទ្រក្រហម ជាមួយនឹងការវាយប្រហារតាមយានដ្រូន និងមីស៊ីល បង្ខំឲ្យនាវាដឹកជញ្ជូនផ្លាស់ទិសដៅរបស់ខ្លួន ហើយនិងធ្វើដំណើររយៈពេលយូរ ជុំវិញតំបន់ជ្រោយភាគខាងត្បូងរបស់អាហ្វ្រិក ៕