យានអវកាស Cygnus គ្មានមនុស្សបើកបរ បានត្រឡប់មកកាន់ផែនដី។ 

បន្ទាប់ពីបានបញ្ចប់បេសកកម្មដឹកទំនិញឱ្យណាសា និងដៃគូសហការអន្តរជាតិរបស់ណាសា យានអវកាសគ្មានមនុស្សបើក Cygnus បានចាកចេញពីស្ថានីយអវកាសអន្តរជាតិ (ISS) ដោយជោគជ័យ ។

កាលពីវេលាម៉ោង៨ និង៨នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ត្រូវនឹងម៉ោងប្រហែល២០ ថ្ងៃទី២៣ ខែធ្នូ ម៉ោងនៅកម្ពុជា យានអវកាសគ្មានមនុស្សបើកបរ Cygnus របស់ក្រុមហ៊ុន Northrop Grumman បានចាកចេញផុតពីដៃរ៉ូបូតរបស់ ISS បន្ទាប់ពីបានបំពេញបេសកកម្មរយៈពេល ៤ខែ នេះបើតាមយោងតាមទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA)។

ក្រោយពីបញ្ចប់បេសកកម្មប្រគល់ទំនិញទម្ងន់ជាង 3,700 គីឡូក្រាម ដែលរួមមាន ឧបករណ៍ស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ គ្រឿងសំណង់អវកាស ផលិតផលពាណិជ្ជកម្ម ឧបករណ៍បច្ចេកវិទ្យា និងទំនិញជាច្រើនមុខផ្សេងទៀត ឱ្យណាសា និងដៃគូសហការអន្តរជាតិរបស់ណាសា ទើបCygnus បានចាកចេញពី ISS ដោយជោគជ័យ ។

យានអវកាស Cygnus បានភ្ជាប់ខ្លួនទៅនឹង ISS កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។ នេះគឺជាបេសកកម្មដឹកទំនិញទៅតាមសេវាពាណិជ្ជកម្មលើកទី១៩ របស់ក្រុមហ៊ុន Northrop Grumman ដែលធ្វើឡើងសម្រាប់ណាសា៕