ស្លាប់មួយ របួសស្រាល៣នាក់ ដោយសារម៉ូតូធុនធំស្លាកលេខនគរបាល ជិះបុករះម៉ូតូ៣គ្រឿង។

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូធុនធំមួយគ្រឿងពាក់ស្លាកលេខនគរបាល ល្បឿនលឿនជ្រុលបុករះម៉ូតូ៣គ្រឿង បន្តបន្ទាប់ បណ្តាលឱ្យបុរសចំណាស់ម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ចំណែក២នាក់ទៀតរបួសស្រាល បានលើកម៉ូតូជិះចេញទៅបាត់ រីឯបុរសជិះម៉ូតូបង្កក្រោយពីពលរដ្ឋឃាត់បានមួយសន្ទុះ ក្រោយមកបានគេចខ្លួនទៅបាត់ ទុកតែម៉ូតូនៅកន្លែងកើតហេតុ ។

កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ហេតុការណ៍ខាងលើកើតឡើង នៅតាមផ្លូវសម្តេច ជា ស៊ីម មុខផ្សារបឹងបៃតង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូធុនធំមួយគ្រឿង ម៉ាកCRF ពណ៌ក្រហម ពាក់ស្លាកលេខ នគរបាល 1-2166 ជិះដោយបុរសម្នាក់ ល្បឿនលឿន ពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយម៉ូតូ ហុងដាគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 1AK-8603 បណ្តាលឱ្យស្លាប់ម្នាក់ ហើយបន្តទៅបុកម៉ូតូហុងដាឌ្រីម២គ្រឿងទៀត ដួលខ្ទាតទៅបំណែកផ្លូវម្ខាង បណ្តាលឱ្យរងរបួសស្រាល ជនរងគ្រោះស្លាប់ក្នុងករណីខាងលើមានឈ្មោះ ភុំ ផាវ៉ាត ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅផ្ទះលេខ ១៦០អា ផ្លូវ៣០ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ក្រោយកើតហេតុ ភាគីម៉ូតូ២គ្រឿង របួសស្រាល បានលើកម៉ូតូជិះចេញទៅបាត់ រីឯអ្នកជិះម៉ូតូបង្ក ត្រូវបានប្រជាពលរដ្ឋឃាត់បាន តែមួយសន្ទុះក្រោយមក បានគេចខ្លួនបាត់ ទុកតែម៉ូតូនៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចចុះពិនិត្យ រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូបន្សល់ទុក មានតែ២គ្រឿង ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក និងស្រាវជ្រាវស្វែងរកម្ចាស់អ្នកបើកបរបង្ក ហៅមកដោះស្រាយគ្នាជាមួយភាគីរងគ្រោះ និងអនុវត្តតាមច្បាប់ ៕