នៅវត្តស្វាយចេកចាស់ស្រុករំដួល អគ្គីភ័យឆាបឆេះរោងដាក់ឈើមួយកន្លែងអស់ស្ទើទាំងស្រុង។
ស្វាយរៀង៖ ការប្រមូលសំរាមដុតជាភ្នក់ភ្លើង បណ្តាលឲ្យអគ្គីភ័យមួយបានកើតឡើង ឆាបឆេះរាលដាលដល់រោងដាក់ឈើមួយកន្លែង នៅក្នុងវត្តស្វាយចេកចាស់ ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ជួយបាញ់ទឹកអស់រយៈពេលជិត៨ម៉ោង ទើបគ្រប់គ្រងបានរលត់ទាំងស្រុង។ កាលពីវេលាម៉ោង១០ជាងយប់ ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៣ បានកើតឡើងនូវហេតុការណ៍ខាងលើ ស្ថិតនៅភូមិស្វាយចេក ឃុំ ស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។
នៅមុនពេលកើតហេតុ នៅម៉ោង៦ជាងយប់ព្រះសង្ឃគង់ក្នុងវត្ត បានប្រមូលសំរាមដុតជាភ្នក់ភ្លើង ហើយដល់ម៉ោងខ្ទង់៧-៨យប់លោកក៏បានឡើងទៅសឹងលើកុដិបាត់ទៅ បើតាមការឲ្យដឹងពីសមត្ថកិច្ច ។
ប្រភពបានបន្តទៀតថា លុះដល់ម៉ោង១០ជាង ស្រាប់តែលឺសំឡេងបង្កការភ្ញាក់ផ្អើលព្រះសង្ឃក្នុងវត្តកំពុងសឹង ឡើងមកជួយពន្លត់តែភ្លើងមិនអាចពន្លត់បានក៏រាយការណ៍ មកសមត្ថកិច្ចជួយអន្តរាគមន៍ប្រើរថយនត្តពន្លត់អគ្គីភ័យ បាញ់ទឹកទើបគ្រប់គ្រងបាន ១០០%។
សមត្ថកិច្ចក៏បានបញ្ជាក់ថា ក្នុងចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់អគ្គីភ័យនេះ ចាប់ពីម៉ោង១០ជាងយប់ថ្ងៃទី២៣ ដល់ម៉ោង ៥ៈ១៤នាទីទៀបភ្លឺ ទើបរលត់អស់គ្រប់គ្រងស្ថានភាពបាន ក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់១៨គ្រឿង។ រថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ទឹកពន្លត់នេះ គឺមកពីតាមបណ្តាស្រុកក្រុងក្នុងខេត្តស្វាយរៀង ដែលរួម មានកម្លាំងនគរបាល និងអាវុធហត្ថ។
ចំពោះគំនរឈើ ដែលឆេះនោះគេពុំទាន់ដឹងថាខូចខាតអស់ប៉ុន្មាននៅឡើយទេព្រោះសមត្ថកិច្ចកំពុងធ្វើការ ហើយក្នុងហេតុការណ៍នេះ មិនបង្កឲ្យរាលដាលឆេះដល់កុដិ ឬសមិទ្ធផលផ្សេងៗក្នុងវត្តនោះទេ គ្រាន់តែឆេះរោងដាក់ឈើ ដែលលោកទុកប្រើប្រាស់ គឺឆេះអស់ស្ទើទាំងស្រុងតែម្តង៕