លោក សេដ្ឋា ចូលកាន់តំណែងដោយមានការគាំទ្រពីព្រះមហាក្សត្រ ជានាយករដ្ឋមន្ត្រីថៃថ្មី

ថៃ៖ នាថ្ងៃពុធ ទី២៣ សីហា ឆ្នាំ២០២៣ ដោយមានការយល់ព្រមពីព្រះមហាក្សត្រ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បានចូលកាន់តំណែង ហើយរូបលោកក៏ដឹកនាំក្រុមរដ្ឋាភិបាលចម្រុះដ៏ចម្រូងចម្រាស ក្នុងនោះរួមមានទាំងគណបក្សគាំទ្រយោធា ដែលមានទំនាក់ទំនងជាមួយអតីតអ្នកធ្វើរដ្ឋប្រហារផងដែរ ។

ការតែងតាំងអតីតមហាសេដ្ឋីអចលនទ្រព្យលោក សេដ្ឋា ថាវីស៊ីន មកពីគណបក្សភឿថៃ (Pheu Thai) ដែលមានទំនាក់ទំនងជាយូរមកហើយជាមួយមហាសេដ្ឋីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយជាច្រើនខែ បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែឧសភា។

បុរសវ័យ ៦០ឆ្នាំរូបនេះ ត្រូវបានបញ្ជាក់អះអាង ក្នុងទទួលបានតំណែងនេះ ដោយការបោះឆ្នោត ក្នុងសភា កាលពីថ្ងៃអង្គារ ពោលគឺត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីលោក ថាក់ស៊ីន បានត្រឡប់ចូលមកប្រទេសវិញ ក្រោយនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ ហើយភ្លាមអតីតនាយករដ្ឋមន្ត្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារលើសំណុំរឿងពុករលួយចាស់។

លោក សេដ្ឋា បានទទួលព្រះរាជានុញ្ញាតជាលាយលក្ខណ៍អក្សររបស់ព្រះមហាក្សត្រ Maha Vajiralongkorn ឲ្យបង្កើតរដ្ឋាភិបាលក្នុងពិធីមួយ នៅឯទីស្នាក់ការកណ្តាលរបស់គណបក្សភឿថៃ នៅម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១១ព្រឹក ម៉ោងសកល) ហើយទំនងជានឹងមានការប្រកាសគណៈរដ្ឋមន្ត្រី នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិ បន្ទាប់ពីទទួលបានព្រះរាជានុញ្ញាតយល់ព្រម លោក សេដ្ឋា បានសន្យាថា នឹងនាំមកនូវឯកភាពសម្រាប់ប្រទេស និងលើកកម្ពស់គោលនយោបាយដែលនឹងដោះស្រាយវិបត្តិ នានានិងជំរុញប្រទេសរីកចម្រើនទៅមុខ។ លោកក៏បានសន្យាថា នឹងលើកកម្ពស់បរិយាប័ន និងការគ្រប់គ្រង ដើម្បីផលប្រយោជន៍សម្រាប់ពលរដ្ឋថៃគ្រប់រូប ដោយសន្យាថា នឹងធ្វើឲ្យមានយុគសម័យថ្មីនៃការផ្លាស់ប្តូរ។

យោងលទ្ធផលបោះឆ្នោតកន្លងមក គណបក្សភឿថៃ បានឈ្នះឆ្នោតលំដាប់ទី២ ប៉ុណ្ណោះ តែគណបក្សបោះជំហានទៅមុខ (Move Forward) ដែលឈ្នះលំដាប់ទី១ មិនអាចទទួលបានគាំទ្រគ្រប់គ្រាន់ពីការបោះឆ្នោតនៃសម័យប្រជុំសភាទាំង២ ដើម្បីឲ្យប្រធានរបស់ខ្លួន គឺលោក Pita Limjaroenrat ក្លាយជាអ្នកនាយកមន្ត្រីបាន៕