ម្ចាស់ក្រុមហ៊ុន Tesla បង្ហាញរ៉ូតបូតរូបរាង្គមនុស្ស អាចចាប់កាន់គ្រាប់ស៊ុត និងហាត់យ៉ូហ្គា។

មហាសេដ្ឋី Elon Musk បានបង្កើត Optimus-Gen 2 ដែលជារ៉ូបូតរូបរាង្គមនុស្សផលិតដោយក្រុមហ៊ុន Tesla បច្ចុប្បន្នអាចផ្លាស់ទីបានយ៉ាងស្ទាត់ជំនាញ ខណៈបាតដៃ និងម្រាមដៃអាចចាប់កាន់វត្ថុដែលមានទំហំតូច។

មហាសេដ្ឋីអាមេរិកដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះ បានបង្ហាញវីដេអូ ដោយចែករំលែកលើបណ្ដាញសង្គម X កាលពីថ្ងៃទី១៣ ខែធ្នូ បង្ហាញថា មនុស្សយន្ត Optimus-Gen 2 បន្ត «វិវត្តន៍» ឡើងទៅកាន់កំណែជំនាន់ទីពីរ ដោយមានបាតដៃដ៏រស់រវើក អាចធ្វើកិច្ចការលំបាកៗ ។ Optimus-Gen 2 អាចប្រើម្រាមដៃចាប់កាន់គ្រាប់ស៊ុត ជាកាយវិការលំបាកមួយ ដែលរ៉ូបូតមុនៗសុទ្ធតែមិនអាចធ្វើបាន។

ក្រៅពីនេះ Optimus-Gen 2 ក៏អាចបង្ហាញកាយវិការហាត់យូហ្គាផងដែរ។ ក្រុមហ៊ុន Tesla ឱ្យដឹងថា រ៉ូបូតនេះអាចបំពេញភារកិច្ចទាំងឡាយណាដែល «មិនមានសុវត្ថិភាព ត្រូវធ្វើដដែលៗ ឬគួរឱ្យធុញ»៕