ក្រុមហ៊ុន Binance រងការផាកពិន័យ ពីសហរដ្ឋអាមេរិក ខ្ទង់ពាន់លានដុល្លារ។

ក្រុមហ៊ុន Binance ត្រូវបានតុលាការខណ្ឌភាគខាងជើង Illinois តម្រូវឱ្យបង់ប្រាក់ជួញដូរខុសច្បាប់ 1.35 ពាន់លានដុល្លារអាមេរិក រួមនឹងប្រាក់ពិន័យជាច្រើនផ្សេងទៀត ទៅឱ្យអាជ្ញាធរមានសមត្ថកិច្ច។

«តុលាការរកឃើញថា លោក Changpeng Zhao (CZ) និង ក្រុមហ៊ុន Binance បានរំលោភលើច្បាប់ជួញដូរទំនិញ (CEA) និងគោលការណ៍របស់ CFTC។ លោក CZ ត្រូវបានផាកពិន័យ 150 លានដុល្លារ ចំនែកក្រុមហ៊ុនBinance យល់ព្រមប្រគល់ប្រាក់ដែលជួញដូរខុសច្បាប់ 1.35 ពាន់លានដុល្លារអាមេរិក និងបង់ប្រាក់ពិន័យ 1.35 ពាន់លានដុល្លារទៅឱ្យ CFTC» គណៈកម្មការគ្រប់គ្រងការជួញដួរទំនិញអនាគត (CFTC) កាលពីថ្ងៃទី១៩ ខែធ្នូ បើតាមការលើកឡើងនៅលើទំព័រ X ។

ការសម្រេចខាងលើ ត្រូវបានតុលាការខណ្ឌភាគខាងជើង Illinois អនុម័ត បញ្ចប់រឿងក្ដីរបស់ CFTC ដែលសំដៅលើក្រុមហ៊ុន Binance ដែលផ្សារជួញដូររូបិយបណ្ណឌីជីថល់គ្រីបតូធំជាងគេលើពិភពលោក និងស្ថាបនិករបស់ក្រុមហ៊ុននេះ បើយោងតាម Reuters ។

មុននោះ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ CFTC បានប្ដឹងប្រឆាំងនឹង CZ (ពលរដ្ឋកាណាដាដើមកំណើតចិន) រួមនឹង Binance ក្រោមបទចោទថា បានប្រើល្បិចក្នុងទីផ្សារ ខ្វះការគោរពច្បាប់ ព្រមទាំងគាំទ្រដល់សកម្មភាពលាងលុយ។ ក្នុងលិខិតតវ៉ាកម្រាស់ 74 ទំព័រ CFTC បានចាត់ទុករូបិយបណ្ឌឌីជីថលគ្រីបតូ Bitcoin, Ethererum, Binance USD, Tether, Litecoin ថាជាទំនិញ ។ CFTC ក៏បានចោទថា Binance គាំទ្រដល់សកម្មភាពភេរវកម្ម និងមើលស្រាលច្បាប់អាមេរិកផងដែរ ៕

សូមជម្រាបថានេះមិនមែនជាដំបូន្មានក្នុងការវិនិយោគ។ មុនវិនិយោគគួរសិក្សាបន្ថែម ឬសូមជួយ ចុច Like និង Follow Page NRP News ម្នាក់មួយផង។