ចម្ងាយជាង 30 លានគីឡូម៉ែត្រ NASA បញ្ជូនវីដេអូមកកាន់ផែនដី។

ទីភ្នាក់ងារអវកាសអាមេរិក NASA (ណាសា) បានបញ្ជូនវីដេអូ ដែលមានភាពច្បាស់ខ្ពស់ ពីទីអវកាសដ៏ឆ្ងាយ មកកាន់ផែនដី ដោយប្រើប្រាស់ពន្លឺឡាស៊ែរ នៅក្នុងការពិសោធនៅលើយាន Psyche នេះជាលើកដំបូង ។

កម្មវិធីពិសោធ ផ្នែកទំនាក់ទំនងដោយពន្លឺក្នុងអវកាសឆ្ងាយ (DSOC) នៃបន្ទប់ពិសោធន៍កម្លាំងរុញច្រានល្បឿនលឿន (JPL) របស់ណាសា បានបញ្ជូនវីដេអូដែលមានភាពច្បាស់កម្រិតខ្ពស់ខ្លាំង ស្ដីពីសត្វឆ្មាមួយក្បាលដែលមានឈ្មោះថា Taters កំពុងដេញតាមព្រួញពន្លឺឡាស៊ែរ ពីចម្ងាយប្រហែល 31 លានគីឡូម៉ែត្រ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងនៅលើយានអវកាស Psyche របស់ណាសា ដែលបច្ចុប្បន្នកំពុងហោះហើរទៅកាន់ 16 Psyche ដែលជាអាចម៍ផ្កាយលោហធាតុ ស្ថិតក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយចម្បងគេ នៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍ ក្រោយពីត្រូវបានបាញ់បង្ហោះតាមរយៈរ៉ុក្កែត Falcon Heavy របស់ SpaceX កាលពីថ្ងៃទី១៣ ខែតុលាកន្លងមកនេះ។

លោក Pam Melroy អនុប្រធានរបស់ណាសា ឱ្យដឹងយ៉ាងដូច្នេះថា «ការបង្កើនកម្រិតបញ្ជូន គឺជារឿងចាំបាច់ដើម្បីសម្រេចបានគោលដៅវិទ្យាសាស្ត្រ និងការស្រាវជ្រាវក្នុងអនាគត។ យើងឆ្ពោះទៅកាន់ជោគជ័យនៃបច្ចេកវិទ្យាគន្លឹះនេះ ហើយផ្លាស់ប្ដូរវិធីទាក់ទងនៅក្នុងបេសកកម្មអន្តរភព» ។

វីដេអូស្ដីពី Taters ត្រូវបានបញ្ជូនដោយឧបករណ៍ថ្មី ដែលអភិវឌ្ឍដោយ JPL និងត្រូវបានហៅថា ប្រព័ន្ធបញ្ជូន និងទទួលឡាស៊ែរក្នុងជើងហោះហើរ។ ឧបករណ៍នេះបញ្ជូនពន្លឺឡាស៊ែរក្បែរអ៊ីហ្វ្រារ៉េដ ទៅកាន់តេឡេស្កុប Hale នៅឯស្ថានីយ Palomar របស់វិទ្យាស្ថានបច្ចេកវិទ្យា California។ រលកសញ្ញានេះចំណាយពេល 101 វិនាទី ដើម្បីធ្វើដំណើរមកដល់ផែនដី ក្នុងល្បឿន 267 មេហ្គាប៊ិត/វិនាទី (Mbps)។

លោក Ryan Rogalin អ្នកវិទ្យាសាស្ត្រដែលទទួលខុសត្រូវលើឧបករណ៍អេឡិចត្រូនិចទទួលរលកសញ្ញារបស់គម្រោងនេះ និយាយថា «បើទោះបញ្ជូនពីចម្ងាយរាប់សិបលានគីឡូម៉ែត្រ ប្រព័ន្ធនេះនៅតែអាចបញ្ជូនវីដេអូបានលឿនជាងអ៊ីនធើណិតស្ទើរតែទាំងអស់នៅលើផែនដី»។

ប្រព័ន្ធបញ្ជូន និងទទួលឡាស៊ែរក្នុងជើងហោះហើរ បានធ្វើការពិសោធដំបូងកាលពីខែវិច្ឆិកា ដោយការបញ្ជូនរលកសញ្ញាមកកាន់ផែនដី ពីចម្ងាយ 16 លានគីឡូម៉ែត្រ។
យានអវកាស Psyche នឹងហោះកាត់ភពអង្គារនៅក្នុងឆ្នាំ 2026 និងថតរូបរបស់ភពក្រហមនេះ មុននឹងហោះឆ្ពោះទៅកាន់គោលដៅចុងក្រោយ គឺ អាចម៍ផ្កាយ 16 Psyche ដែលគ្រោងនឹងទៅដល់នៅក្នុងឆ្នាំ 2029៕