ប្រធាន ICRC លើកឡើងថា សង្គ្រាមនៅតំបន់ហ្កាហ្សាគឺជា «ការបរាជ័យផ្នែកសីលធម៌» របស់ពិភពលោក។

ហ្សឺណែវ៖ ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) កាលពីថ្ងៃម្សិលមិញ បានចាត់ទុកជម្លោះនៅតំបន់ ហ្កាហ្សាថាជា «ការបរាជ័យផ្នែកសីលធម៌» របស់សហគមន៍អន្តរជាតិ ហើយបានជំរុញឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។

លោកស្រី Mirjana Spoljaric ប្រធាន ICRC បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ បន្ទាប់ពីការធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប និងអ៊ីស្រាអែលថា៖«ខ្ញុំបាននិយាយអំពីការបរាជ័យផ្នែកសីលធម៌ ពីព្រោះរាល់ថ្ងៃនេះ នៅតែបន្ត គឺមួយថ្ងៃទៀតហើយ ដែលសហគមន៍អន្តរជាតិ មិនអាចបង្ហាញឲ្យឃើញ ពីសមត្ថភាពនៃការបញ្ចប់ការរងទុក្ខកម្រិតខ្ពស់បែបនេះ ហើយវានឹងជះឥទ្ធិពលដល់មនុស្សជំនាន់ក្រោយ មិនត្រឹមតែនៅក្នុងតំបន់ហ្កាហ្សាប៉ុណ្ណោះទេ»។

លោកស្រីបានបន្តថា៖«វាការចាំបាច់ត្រូវមានកិច្ចព្រមព្រៀងដោយភាគីទាំងពីរ ដូច្នេះយើងជំរុញឲ្យពួកគេបន្តការចរចា …ដោយនិយាយសំដៅទៅលើការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធក្រុមហាម៉ាស ក្នុងអំឡុងពេលការវាយលុកដ៏សាហាវរបស់ពួកគេ នៅអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា។

បទឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីប បានធ្វើឡើងរយៈពេលមួយសប្តាហ៍នៅចុងខែវិច្ឆិកា ហើយបាននាំមកនូវការដោះលែងចំណាប់ថ្នូរចំនួន ១១០នាក់ នៅតំបន់ហ្កាហ្សា ជាថ្នូរនឹងការដោះលែងស្ត្រី និងក្មេងជំទង់ប៉ាឡេស្ទីន ២៤០នាក់ពីពន្ធនាគារអ៊ីស្រាអែល៕