លោកប្រមុខដឹកនាំ Zelenskiy ជឿជាក់ថាសហរដ្ឋអាមេរិក នឹងមិនក្បត់អ៊ុយក្រែន ជុំវិញជំនួយហិរញ្ញវត្ថុនោះទេ។
អ៊ុយក្រែន៖ លោក វ៉្លូឌីមី ហ្ស៊េលែនស្គី (Volodymyr Zelenskiy) ប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូថា លោកមានទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងមិន «ក្បត់» ប្រទេសអ៊ុយក្រែន ដោយការពន្យារពេលមូលនិធិដ៏សំខាន់ក្នុងសម័យសង្គ្រាម ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីឡើយ។
សេតវិមានបានព្រមានថាជំនួយនឹងអស់នៅចុងឆ្នាំ ប្រសិនបើមិនបន្តជំនួយសម្រាប់អ៊ុយក្រែន ហើយត្រូវបានពន្យារដោយគណបក្សសាធារណរដ្ឋ នៅក្នុងសភាសហរដ្ឋអាមេរិក ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍នៅទីក្រុងគីវ លោក Zelenskiy បាននិយាយ ថា «យើងកំពុងធ្វើការយ៉ាងមមាញឹកលើបញ្ហានេះ ហើយខ្ញុំប្រាកដថាសហរដ្ឋអាមេរិកនឹងមិនក្បត់យើងទេ ហើយអ្វីដែលយើងបានព្រមព្រៀងគ្នានៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវបានសម្រេចទាំងស្រុង»។
លោកបានបន្តថា ជំនួយផ្នែកហិរញ្ញវត្ថុគឺជាគន្លឹះសំខាន់ក្នុងការការពារអ៊ុយក្រែន ពីការវាយប្រហាររបស់ទីក្រុងមូស្គូ ដែលជិតឈានដល់រយៈពេលពីរឆ្នាំ ហើយមិនមានសញ្ញាណាមួយនៃការធូរស្រាលនោះទេ។
ថវិកាចំនួន ៤៣ពាន់លានដុល្លារនៅឆ្នាំក្រោយ អ៊ុយក្រែនសង្ឃឹមថា នឹងទទួលបាន ដែលភាគច្រើនរួមជាមួយជំនួយបរទេស ព្រមទាំងថវិកា ១៨,៥ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប និងជាង ៨ពាន់លានដុល្លារពីកញ្ចប់ថវិការបស់សហរដ្ឋអាមេរិក ដែលមានជំនួយយោធាដ៏សំខាន់ផងដែរ៕