ប្រមុខដឹកនាំអ៊ុយក្រែនថា ការស្លាប់នៅតំបន់ហ្កាហ្សាស្ទ្រីប និងអ៊ុយក្រែន គឺជារឿងខុសគ្នា។
អ៊ុយក្រែន៖ លោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន ដែលត្រូវបានអ្នកសារព័ត៌សួរថា តើមានភាពខុសប្លែកគ្នារវាងការស្លាប់របស់ប្រជាជន នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបណ្តាលមកពីសកម្មភាពរបស់អ៊ីស្រាអែល និងការស្លាប់របស់ជនជាតិអ៊ុយក្រែន ដែលបង្កឡើងដោយជនជាតិរុស្ស៊ីដូចគ្នាឬទេ?គាត់បានឆ្លើយថា ការស្លាប់ទាំងនេះ គឺជារឿងខុសគ្នា។
យើងទទួលស្គាល់គោលនយោបាយរបស់រដ្ឋពីរ គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន។ យើងទទួលស្គាល់សោកនាដកម្មនេះ យើងទទួលស្គាល់ថា ផលវិបាកមនុស្សធម៌ គឺគួរឲ្យខ្លាចនៅលើទឹកដីនៃរដ្ឋទាំងពីរ ។ យើងទទួលស្គាល់ប្រជាជនឯករាជ្យរបស់អ៊ីស្រាអែល យើងទទួលស្គាល់ប្រជាជនឯករាជ្យរបស់ប៉ាឡេស្ទីន ។
ប៉ុន្តែខ្ញុំមិនអាចឲ្យជម្លោះនេះស្មើនឹងសង្រ្គាមរបស់យើងទេ។ ការកាន់កាប់ និងលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន មិនបានចាប់ផ្តើមជាមួយនឹងការវាយប្រហារភេរវកម្ម ដោយមនុស្សដែលមានសញ្ជាតិអ៊ុយក្រែន នៅលើទឹកដីរុស្ស៊ីនោះទេ។ យើងរស់នៅក្នុងរដ្ឋឯករាជ្យរបស់យើង ហើយខ្មាំងសត្រូវ ចូលមកសម្លាប់ប្រជាជនរបស់យើង។ ដូច្នេះរឿងទាំងនេះ គឺពិតជាខុសគ្នា»៕