បង្ហាញផ្លូវរូងក្រោមដី នៅភាគខាងជើងហ្កាហ្សាពី យោធាអ៊ីស្រាអែល ធំទូលាយល្មមអាចឲ្យរថយន្តចេញចូលបាន។
ហ្កាហ្សា៖ នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីបផ្លូវរូងក្រោមដី គឺធំទូលាយល្មមសម្រាប់រថយន្តធំឆ្លងកាត់ មានភាពរឹងមាំដោយជញ្ជាំងបេតុង និងត្រូវបានបំពាក់ដោយខ្សែភ្លើង ហើយយ៉ាងហោចណាស់ផ្នែកមួយនៃផ្លូវរូងក្រោមដីនេះ ដែលអ៊ីស្រាអែលនិយាយថា ជារូងធំជាងគេ រហូតមកដល់ពេលនេះ ដែលខ្លួនបានរកឃើញនៅហ្កាហ្សានោះ ស្ថិតនៅក្នុងចម្ងាយ ដែលអាចដើរពីច្រកឆ្លងកាត់ព្រំដែនអ៊ីស្រាអែល។
មន្ត្រីយោធារបស់អ៊ីស្រាអែល ដែលបាននាំអ្នករាយការណ៍ព័ត៌មានមួយក្រុម ដោយក្នុងនោះរួមទាំងអ្នកសារព័ត៌មាន ២នាក់របស់សារព័ត៌មាន «The New York Times» ផងដែរ ចូលទៅក្នុងផ្លូវរូងក្រោមដី កាលពីថ្ងៃទី១៥ ខែធ្នូ បាននិយាយថា ទំហំ និងភាពស្មុគស្មាញនៃផ្លូវរូងក្រោមដីនេះ បង្ហាញពីទំហំនៃបញ្ហា ដែលពួកគេប្រឈមមុខជាមួយ នៅពេលពួកគេព្យាយាមកម្ចាត់ក្រុមហាម៉ាស។
ក្រុមនេះបានសាងសង់បណ្តាញផ្លូវរូងក្រោមដី នៅទូទាំងតំបន់ហ្កាហ្សា ដែលអាចឲ្យពួកគេគេចខ្លួន និងវាយប្រហារកងកម្លាំងអ៊ីស្រាអែលបាន ហើយក្រុមយោធា បានរៀបចំឲ្យមានដំណើរទៅមើលរូងក្រោមដីនេះ ស្របពេលដែលប្រទេសអ៊ីស្រាអែល រងសម្ពាធកាន់តែខ្លាំងឡើងៗឲ្យបន្ថយដំណាក់កាលធ្ងន់ធ្ងរបំផុតនៃសង្រ្គាម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ដើម្បីព្យាយាមកំណត់ចំនួនអ្នកស្លាប់ ដោយមុននេះ ក្រសួងសុខាភិបាល នៅតំបន់ហ្កាហ្សា និយាយថា ប្រជាជនប៉ាឡេស្ទីនជិត ២ម៉ឺននាក់ ត្រូវបានសម្លាប់ បើតាមការលើកឡើងពីក្រុមយោធា ។
ទំហំនៃផ្លូវរូងក្រោមដី ដែលអ្នកសារព័ត៌មានបានទៅមើល កាលពីថ្ងៃទី១៥ ខែធ្នូនោះ និងការនៅកៀកនឹងដល់ព្រំដែនរបស់រូងនេះ គឺជាការរំលឹកឡើងវិញមិនត្រឹមតែពីបញ្ហាប្រឈម ដែលនឹងកើតមាន សម្រាប់អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីការបរាជ័យរបស់ខ្លួន ក្នុងការទប់ស្កាត់រចនាសម្ព័ន្ធបែបនេះកុំឲ្យមានការសាងឡើងតាំងពីដំបូងទៀតផង៕