សម្ពាធកើនឡើង ដើម្បីឲ្យដោះលែងចំណាប់ថ្នូរបន្ថែមទៀត អ៊ីស្រាអែល ក៏បន្ថែមវាយប្រហារតំបន់ហ្កាហ្សា។ 

ហ្កាហ្សា៖ អ៊ីស្រាអែល បានធ្វើការវាយប្រហារថ្មីៗលើតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ខណៈដែលមេដឹកនាំរបស់ខ្លួនស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ដើម្បីធានាការដោះលែងចំណាប់ថ្នូរ ដែលនៅតែត្រូវបានឃុំខ្លួននៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាសច្រើនជាងពីរខែ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ខែតុលា ។

បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) លោកនាយករដ្ឋមន្ត្រី បានប្រឈមមុខនឹងការតវ៉ាកាលពីថ្ងៃសៅរ៍ ដោយសាច់ញាតិរបស់ចំណាប់ថ្នូរដែលបានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងបន្ទាន់មួយដើម្បីទទួលបានសេរីភាពរបស់ពួកគេ បន្ទាប់ពីកងទ័ព បានសារភាពថា បានសម្លាប់ចំណាប់ថ្នូរបីនាក់ដោយច្រឡំ នៅហ្កាហ្សា។

អ្នកទាំងបី គឺស្ថិតក្នុងចំណោមមនុស្សប្រមាណ ២៥០នាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរក្នុងអំឡុងពេលការវាយឆ្មក់ថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាសចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១.១៤០នាក់ផងដែរ នេះបើយោងតាមតួលេខចុងក្រោយរបស់អាជ្ញាធរអ៊ីស្រាអែល។

យោងតាមក្រុមហាម៉ាស ការវាយលុកសងសឹករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស ១៨.៨០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។

នៅឯការតវ៉ាមួយ នៅទីក្រុងតែលអាវីវ (Tel Aviv) កាលពីថ្ងៃសៅរ៍ សាច់ញាតិរបស់ចំណាប់ថ្នូរ បានប្រមូលផ្តុំគ្នា ដើម្បីអង្វរសុំឲ្យរដ្ឋាភិបាលមានកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរបន្ថែមទៀត៕