សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនព្រមឲ្យក្រុមហ៊ុនវៀតណាម វិនិយោគតាក់ស៊ីអគ្គិសនីនៅកម្ពុជានោះទេ ។

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចេញពីប្រទេសជប៉ុន ដោយបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាល មិនអនុញ្ញាតិឲ្យក្រុមហ៊ុន Vingroup របស់វៀតណាមធ្វើការវិនិយោគតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជានោះឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនរត់ម៉ូតូឌុប និងកង់បី សូមកុំមានការព្រួយបារម្ភ ខណៈពាក្យចរចាមអារាម ដែលថារាជរដ្ឋាភិបាលផ្តល់ឱកាសឲ្យក្រុមហ៊ុនខាងលើនេះមក ដាក់ទុនរកស៊ីនៅកម្ពុជា គឺជាពាក្យមិនពិត និងជាពាក្យបំផុសបំផុលតែប៉ុណ្ណោះ ។

នៅទីក្រុងតូក្យូ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើងថា កាលពីកន្លង ទៅថ្មីៗនេះ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានលើកឡើងតាមគ្នាថា ក្រុមហ៊ុន Vingroup របស់វៀតណាមមួយគ្រោងបើក ក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីរាប់ពាន់គ្រឿង នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា។ ប៉ុន្តែព័ត៌មានទាំងនោះគឺមិនពិតនោះទេ ខណៈមានការស្នើរសុំដល់សម្តេចពីម្ចាស់ក្រុមហ៊ុននោះដែរ ប៉ុន្តែសម្តេចបានបដិសេធ ដោយសារតែសម្តេចមានការ ភ័យខ្លាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ។

ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ កំពុងគិតគូរយ៉ាងខ្លាំងក្នុងការជួយដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសគឺបងប្អូនអ្នកដែលប្រកបរបររត់តាក់ស៊ី រត់កង់បី និងម៉ូតូឌុបជាដើម។សម្តេចបានបន្ថែមថារាជរដ្ឋាភិបាល មិនទាន់មានតម្រូវការឱ្យក្រុមហ៊ុនបរទេសណាមួយ មកបណ្ដាក់ទុនបើកដំណើរការតាក់ស៊ីអគ្គិសនីនៅកម្ពុជានោះឡើយ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការភ័យខ្លាច និងកុំបន្តស្តាប់ការបំផិតបំភៃរបស់ក្រុមអគតិខ្លះឲ្យសោះ ខណៈករណីនេះគឺរាជរដ្ឋាភិបាលបានគិតគួរយ៉ាងច្បាស់លាស់បំផុត៕