លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងភរិយា ថ្នាក់ដឹកនាំអាស៊ាន-ជប៉ុន អញ្ជើញជួបជាមួយនិស្សិតមកពីអាស៊ាន។

ជប៉ុន៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតភរិយាដ៏ឧត្តមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងលោកជំទាវជាភរិយា ថ្នាក់ដឹកនាំអាស៊ាន-ជប៉ុន អញ្ជើញធ្វើជំនួបជាមួយនិស្សិត JENESYS 2023 ASEAN-JAPAN នាថ្ងៃអាទិត្យទី១៧ ខែធ្នូ ឆ្នាំ២០២៣ ។

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកជំទាវ យូកូ គីស៊ីដា ភរិយាឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន។

ក្នុងឱកាសខួបលើកទី 50 នៃទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន មេដឹកនាំជប៉ុនបានរៀបចំឲ្យមាន កម្មវិធី JENESYS 2023 ASEAN-JAPANនេះឡើង ក្នុងគោលបំណងសំខាន់គឺ
1-ពង្រឹងការយល់ដឹងរបស់យុវជននៃប្រទេសសមាជិកអាស៊ាន (AMS) និងទីម័រខាងកើត ស្តីពីប្រទេសជប៉ុន។ ការរួមចំណែកអភិវឌ្ឍន៍ដល់អាស៊ានក្នុងរយៈពេល ៥០ឆ្នាំកន្លងមក និងប្រវត្តិសាស្ត្រ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងជប៉ុន និងអាស៊ាន។
2-ការបង្កើនការយល់ដឹងគ្នាទៅវិញទៅមកតាមរយៈការផ្លាស់ប្តូរមតិរវាងយុវជននៃ AMS និងជប៉ុនដែលនឹងដឹកនាំអនាគត និងបង្កើនសន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការឆ្ពោះទៅមុខបន្ថែមទៀត បង្កើនមិត្តភាព និងការអភិវឌ្ឍន៍។

ចាប់ពីថ្ងៃទី ១០ ខែធ្នូដល់ថ្ងៃទី ១៩ ខែធ្នូ និស្សិតប្រមាណ ១១០នាក់មកពីប្រទេសសមាជិកអាស៊ានទាំង ១០ និងទីម័រខាងកើត បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមក្នុង “JENESYS 2023 SEAN-Japan Students Conference” ដែលជាគម្រោងរំលឹកខួបលើកទី៥០ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ប្រព្រឹត្តទៅនៅទីក្រុងតូក្យូ។

នៅវេលាថ្ងៃត្រង់ថ្ងៃដដែលនោះដែរ លោកជំទាវ យូកូ គឺស៊ីដា ភរិយាឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានរៀបចំពិធីពិសារភោជនីហារថ្ងៃត្រង់ ជូនលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ដែលធ្វើឡើងនៅភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។

នៅក្នុងពិធីពិសារភោជនីហារថ្ងៃត្រង់នោះដែរ លោកជំទាវ យូកូ គីស៊ីដា ភរិយាឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានរៀបចំពិធីពិសាតែតាមបែបប្រពៃណីជប៉ុន ដែលពិធីនោះភរិយាទាំងអស់ បានឆុងតែដោយផ្ទាល់ដៃ ដើម្បីទទួលទានក្រោយពិធីពិសារភោជនីហារថ្ងៃត្រង់៕