ការតវ៉ាបិទផ្លូវធំទៅមក ទាមទារបទឈប់បាញ់ នៅតំបន់ហ្កាហ្សាបាន ក្នុងទីក្រុង Los Angeles។
បរទេស៖ នៅទីក្រុង Los Angeles ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន រាប់សិបនាក់បានបិទផ្លូវធំទៅមកមួយកន្លែង កាលពីថ្ងៃពុធ ខណៈពួកគេអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។
ស្រែកពាក្យថា «ឈប់បាញ់ឥឡូវនេះ»’ និងពាក្យថា «បើយើងមិនទទួលបានបទឈប់បាញ់ទេ បិទផ្លូវនេះចោលទៅ» ដែលត្រូវបាននិយាយម្តងហើយម្តងទៀត ខណៈក្រុមបាតុករ បានបិទចរាចរណ៍រយៈពេលប្រហែលមួយម៉ោង។
ក្រុមអ្នកតវ៉ា បាននាំគ្នាដើរលើផ្លូវធំទៅមកនៅម៉ោងប្រហែល ៩ ព្រឹកម៉ោងក្នុងស្រុក ដោយបានចេញពីរថយន្តរបស់ពួកគេ ហើយដើរឆ្លងកាត់គន្លងផ្លូវទៅភាគខាងត្បូង។ ពួកគេបានឈរនៅលើផ្លូវ ហើយក្រោយមកបានអង្គុយចុះ បង្កើតជាខ្សែតភ្ជាប់គ្នា បើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹង។
នៅពេលព្រឹកក្នុងម៉ោងដ៏មមាញឹក អ្នកបើកបរដែលខឹងសម្បា បានប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ នៅតាមដងផ្លូវជាច្រើនលើក ហើយអ្នកបើកបរម៉ូតូមួយចំនួន បានបើកលើផ្លូវឆ្លងកាត់របាំងមនុស្ស ដោយម្នាក់បានជេរអ្នកតវ៉ា បង្កើនល្បឿនម៉ាស៊ីន និងរោទិ៍សំឡេងឮខ្លាំងៗ។ យោងតាមក្រុមល្បាតផ្លូវ Highway រដ្ឋកាលីហ្វ័រនីញ៉ាបានឲ្យដឹងថា មនុស្សប្រហែល ៧៥ នាក់ត្រូវបានឃុំខ្លួន។
យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ១៨.៥០០នាក់ និងជម្លៀសមនុស្សជិតពីរលាននាក់ និងបានបំផ្លាញតំបន់ហ៊ុមព័ទ្ធឆ្នេរភាគច្រើន។
ការវាយលុកលើតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល បានកើតឡើងបន្ទាប់ពីក្រុមហាម៉ាស បានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល នៅក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី ៧ ខែតុលា។