Trump ថា Biden គឺអ្នកគម្រាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក Donald Trump បានច្រានចោលការព្រមានពីគណបក្សប្រជាធិបតេយ្យ ជុំវិញការវិលត្រឡប់ដ៏មានសក្តានុពលរបស់គាត់ទៅកាន់សេតវិមាន បើយោងតាមការចេញផ្សាយរបស់ RT ។

លោក Trump បានធ្វើអត្ថាធិប្បាយទាំងនេះ នៅមុនពេលការប្រកួតប្រជែងឡើងវិញដែលអាចកើតមានរវាងអ្នកទាំងពីរ នៅឯការបោះឆ្នោតនៅឆ្នាំក្រោយ ។ បញ្ហាគឺជាអ្នកស្នងតំណែងរបស់គាត់គឺ Joe Biden ដែលបង្កគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេស នេះជាការអះអាងពីអតីតប្រធានាធិបតីអាមេរិករូបនេះ ។

លោក Trump បច្ចុប្បន្ននៅតែបន្តជាប់ពាក់ព័ន្ធ ក្នុងជម្លោះផ្លូវច្បាប់សហព័ន្ធ និងរដ្ឋជាបន្តបន្ទាប់ និងក៏ដូចជាការពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកប៉ុនប៉ងផ្ដួលរំលំលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ផង ។

លោកTrump បានពោលបែបនេះថា៖ ខ្ញុំមិនមែនជាអ្នកគំរាមកំហែងទេ ពីព្រោះថា ខ្ញុំនឹងសង្គ្រោះលទ្ធិប្រជាធិបតេយ្យ។ ការគំរាមកំហែងគឺ ជាលោកJoe Biden ។

សូមឲ្យដឹងទៀតដែរថា អតីតប្រធានាធិបតីរូបនេះបានអះអាងថា ករណីផ្លូវច្បាប់ជាច្រើន ដែលលោកប្រឈមមុខ គឺជារឿងនយោបាយ ហើយបានប្តេជ្ញាថានឹងកាត់ទោសលោក Biden ប្រសិនបើលោកត្រឡប់ចូលកាន់តំណែងវិញ ៕