ការតែងតាំងលោក Tusk ជានាយករដ្ឋមន្ត្រីប៉ូឡូញ ខណៈដែលរដ្ឋបាលថ្មីចូលកាន់អំណាច ។
ប៉ូឡូញ៖ ជាប្រទេសជិតខាងអ៊ុយក្រែន ប្រទេសប៉ូឡូញ កំពុងមានរដ្ឋបាលរដ្ឋាភិបាលថ្មីចូលកាន់កាប់អំណាចជាលើកដំបូងក្នុងរយៈពេល ៨ឆ្នាំ ។ សភារបស់ប្រទេសនេះ បានបោះឆ្នោតគាំទ្រការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីលោក Donald Tusk ឲ្យចូលកាន់តំណែង ។
ពួកគេមានក្តីរំពឹងថា លោក Tusk នឹងបង្កើតរដ្ឋាភិបាលចម្រុះ នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។ គណបក្សរបស់លោកស្ថិតក្នុងចំណោមគណបក្សប្រឆាំងចំនួន៣ ដែលបានទទួលបានសំឡេងភាគច្រើនរួមគ្នា ក្នុងការបោះឆ្នោតកាលពីខែតុលា ។ មុនពេលបោះឆ្នោតគាំទ្រ លោក Tusk ជានាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ ទី១១ ខែធ្នូ សភាជាន់ទាបបានច្រានចោលញត្តិដកទំនុកចិត្តមួយ ប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Mateusz Morawiecki ។
គណបក្សច្បាប់ និងយុត្តិធម៌របស់លោក Morawiecki បានឈ្នះចំនួនអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោត ប៉ុន្តែមិនអាចទទួលបានសំឡេងភាគច្រើន ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីប៉ូឡូញ ដែលជាសមាជិកនៃគណបក្សច្បាប់និងយុត្តិធម៌ បានបញ្ជាឲ្យលោក Morawiecki បង្កើតរដ្ឋាភិបាលថ្មីមួយ នៅមុនពេលញត្តិដកទំនុកចិត្តត្រូវបានច្រានចោល ។
លោក Tusk គឺជាអតីតប្រធានក្រុមប្រឹក្សាអឺរ៉ុប និងជាអ្នកគាំទ្រសហភាពអឺរ៉ុប ។ គោលនយោបាយរដ្ឋបាលរបស់លោក ចំពោះអ៊ុយក្រែន ទំនងជាត្រូវបានពិនិត្យយ៉ាងម៉ត់ចត់៕