ការពិចារណាអំពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើមេដឹកនាំក្រុមហាម៉ាស និងអ្នកតាំងលំនៅ នៅអ៊ីស្រាអែល។
EU៖ ការពិចារណាលើវិធានការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមមេដឹកនាំក្រុមហាម៉ាស និងអ្នកតាំងលំនៅអ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹងអំពើហិង្សា ដែលកើតចេញពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ជាមួយនឹងសំណើទាំងពីរ ដែលត្រូវបានពិភាក្សាដោយរដ្ឋមន្ត្រីការបរទេសរបស់ប្លុកនេះ នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃចន្ទ ។
ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះ លោកចូសិប បូរ៉ែល (Josep Borrell) បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថា ទីភ្នាក់ងាររបស់លោក កំពុងធ្វើការលើសំណើដាក់ទណ្ឌកម្មអ្នកតាំងលំនៅអ៊ីស្រាអែលជ្រុលនិយម ហើយនឹងបញ្ជូនវាទៅរដ្ឋជាសមាជិកឆាប់ៗនេះ។ វិធានការនេះ បានទាក់ទាញការគាំទ្រពីប្រទេសនានា រួមមានបែលហ្ស៊ិក និងស្លូវេនី។
វិធានការដែលបានស្នើឡើងប្រឆាំងនឹងអ្នកតាំងលំនៅរបស់អ៊ីស្រាអែល ដែលនៅតែស្ថិតក្នុងការពិភាក្សាដំណាក់កាលដំបូង និងមានគោលបំណងដោះស្រាយអំពើហិង្សារបស់អ្នកតាំងលំនៅនៅតំបន់វេសបែង អាចពាក់ព័ន្ធនឹងការហាមឃាត់ការធ្វើដំណើរ ការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការនាំចូលផលិតផលដែលធ្វើឡើងដោយអ្នកតាំងលំនៅ បើតាមការលើកឡើងពីមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបម្នាក់ ។ វិធានការទាំងពីរនេះ នឹងស្របទៅនឹងជំហានដែលបានអនុវត្តរួចហើយដោយសហរដ្ឋអាមេរិក។
លោកបូរ៉ែល បាននិយាយថា បន្ថែមពីលើការបំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា ប្លុកនេះ មានការព្រួយបារម្ភចំពោះអំពើហិង្សានៅតំបន់វេសបែង ដោយអ្នកតាំងទីលំនៅជ្រុលនិយម និងការយល់ព្រមពីរដ្ឋាភិបាល អ៊ីស្រាអែល ដើម្បីពង្រីកការតាំងទីលំនៅបែបនេះ។