នៅមន្ទីរពេទ្យ Nasser តំបន់ហ្គាហ្សា គ្រូពេទ្យបឋម ចូលរួមព្យាបាលជនប៉ាឡេស្ទីនរងរបួស។
ហ្គាហ្សា៖ ក្រុមគ្រូពេទ្យបឋមនៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រនេះ បានចូលរួមព្យាបាលជនប៉ាឡេស្ទីនរងរបួស ដែលរួមទាំងអ្នករងរបួសសម្រាកលើកម្រាលឥដ្ឋផងដែរ ។
លោក Gazan Mohamed al-Amouri វ័យ ៤៩ឆ្នាំ ដែលកូនប្រុសរបស់លោករងរបួស អំឡុងពេលលេងតាមផ្លូវ និយាយថា អ្នកជំងឺប្រឡាក់សុទ្ធតែឈាម ត្រូវបានរួសរាន់បញ្ជូនមកកាន់មន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារមកលើគោលដៅជិតព្រះវិហារ ដែលបណ្តាលឲ្យគ្រោះថ្នាក់មនុស្សរាប់សិបនាក់ ។ ក្មេងៗទាំងអស់នេះ យុវជនទាំងអស់នេះ និងស្រ្តីទាំងអស់នេះ នៅឆ្ងាយប្រហែល ៦០០ ឬ៧០០ម៉ែត្រពីព្រះវិហារ តែពួកគេបានគ្រោះថ្នាក់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ។
ជនប៉ាឡេស្ទីនជាង ១៧.១៧០នាក់ ត្រូវបានសម្លាប់ និង ៤៦.០០០នាក់ បានរងរបួសចាប់តាំងពីថ្ងៃទី ៧ ខែតុលារហូតមក ពេលដែលអ៊ីស្រាអែល ចាប់ផ្តើមទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ជាការឆ្លើយតបនឹងការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមជីវពលហាម៉ាស់គាំទ្រដោយអ៊ីរ៉ង់ ដែលគ្រប់គ្រងដែនដីបិទច្រកមួយនេះ នេះយោងតាមការអះអាងរបស់ក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សា ។
ការវាយប្រហាររបស់ក្រុមហាម៉ាស់ បានសម្លាប់មនុស្សជាង ១.២០០នាក់ និងបានចាប់ចំណាប់ថ្នូរជាង ២៤០នាក់ទៅកាន់តំបន់ហ្គាហ្សា ៕