នៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន កុមារចូលមន្ទីរពេទ្យច្រើន ពេលដែលកម្រិតខ្យល់កខ្វក់កើនឡើង។ 

ប៉ាគីស្ថាន៖ នាទីក្រុង Lahore ក្នុងបន្ទប់សង្រ្គោះបន្ទាន់ផ្នែកកុមារ ប្រទេសប៉ាគីស្ថាន ក្មេងៗពិបាកដង្ហើមខ្លាំង ឪពុកម្តាយកាន់ឧបករណ៍ស្ពង់ច្រមុះដាក់មុខកូនៗ ដើម្បីបញ្ឈប់ការស្ទះដង្ហើមរបស់ពួកគេ ខណៈដែលក្មេងៗជាច្រើនទៀត ឈររង់ចាំទទួលការព្យាយាល ។

ប្រជាពលរដ្ឋ ១១លាននាក់ បានធ្វើឈ្លក់ផ្សែងអ័ព្ទពុល នៅក្នុងទីក្រុងមានមនុស្សច្រើនបំផុតលំដាប់ទី ២របស់ប៉ាគីស្ថានមួយនេះ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ស្របពេលដែលអ័ព្ទដ៏ក្រាស់ឃ្មឹកបាំងបិទព្រះអាទិត្យ ហើយនិងគ្របដណ្តប់ដងផ្លូវនៅពេលយប់ ។

អំឡុងរដូវត្រជាក់ កាន់តែធ្ងន់ធ្ងរខ្លាំងចំពោះបញ្ហាខ្យល់កខ្វក់ ពេលដែលសីតុណ្ហភាពធ្លាក់ចុះបានការពារស្រទាបខ្យល់ក្តៅ ធ្វើឲ្យទាក់ធូលី និងបង្កើនកម្រិតខ្យល់កខ្វក់ ។

មិនខុសប្លែកគ្នាពីប្រទេសប៉ាគីស្ថានប៉ុន្មាននោះទេ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ ក៏បាននាំគ្នាត្អូញត្អែពីការកើនឡើងខ្យល់កខ្វក់នោះដែរ ខណៈដែលសាលារៀនត្រូវបានផ្អាកការសិក្សាបណ្តោះអាសន្ន ។ លោក Shahriar Karami គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយថា ខ្យល់កខ្វក់ បានក្លាយជាបញ្ហាសម្រាប់អ្នករាល់គ្នា គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលកាន់តែអាក្រក់ទៅជារៀងរាល់ថ្ងៃ ហើយក្រុមអាជ្ញាធរ បានបិទសាលារៀនអស់រយៈពេល ២ថ្ងៃមកហើយ ។

គួរបញ្ជាក់ថា គុណភាពខ្យល់កខ្វក់លើសពីកម្រិត ៦០ ត្រូវបានគេចាត់ទុកថាជាខ្យល់គ្មានសុខភាព ៕