លោក វ្ល៉ាឌីមៀរ ពូទីន ប្រាប់ទាហានថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត នៅឆ្នាំ២០២៤។

រុស្ស៊ី៖ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅថ្ងៃសុក្រ ទី៨ ខែធ្នូ បានប្រាប់ទាហាន ដែលបានប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែនថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ជាការសម្រេចមួយ ដែលនឹងអនុញ្ញាតឲ្យអតីតចារកម្មរបស់ KGB បន្តកាន់អំណាចរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០៣០ ។

លោក ពូទីន ដែលត្រូវបានប្រគល់តំណែងប្រធានាធិបតី ដោយលោក Boris Yeltsin នៅថ្ងៃចុងក្រោយនៃឆ្នាំ១៩៩៩ បានធ្វើតួនាទីជាប្រធានាធិបតីយូរជាងមេដឹកនាំផ្សេងទៀតរបស់រុស្ស៊ី គិតចាប់តាំងពីលោក Josef Stalin ដោយមានពេលយូរជាងសូម្បីតែរយៈពេលកាន់អំណាច ១៨ឆ្នាំរបស់លោក Leonid Brezhnev ។

បន្ទាប់ពីលោក ពូទីន បានបំពាក់គ្រឿងឥស្សរិយយសដល់អតីតយុទ្ធជនសង្រ្គាមអ៊ុយក្រែន ជាមួយនឹងកិត្តិយសយោធាខ្ពស់បំផុតរបស់រុស្ស៊ី វីរៈបុរសមាសរបស់រុស្ស៊ី វរសេនីយ៍ឯកម្នាក់ឈ្មោះលោក Artyom Zhoga ដែលជាមេបញ្ជាការកងវរសេនាតូច Sparta បានស្នើសុំប្រធានាធិបតីឈរឈ្មោះប្រកួតប្រជែងម្តងទៀត ។

លោក ពូទីន បានប្រាប់ទៅលោក Zhoga និងទាហានបំពាក់គ្រឿងឥស្សរិយយសផ្សេងទៀតថា៖ «ខ្ញុំនឹងមិនលាក់បាំងទេថា ខ្ញុំមានគំនិតផ្សេងៗគ្នា ក្នុងពេលវេលាផ្សេងៗគ្នា ប៉ុន្តែឥឡូវនេះដល់ពេលដែលត្រូវសម្រេចចិត្តហើយ។ ខ្ញុំនឹងឈរឈ្មោះតំណែងប្រធានាធិបតី»។

សម្រាប់លោក ពូទីន ដែលមានអាយុ ៧១ឆ្នាំ ការបោះឆ្នោត គឺជាទម្រង់បែបបទមួយ ដោយមានការគាំទ្រពីរដ្ឋ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ និងស្ទើរតែគ្មានការជំទាស់ជាសាធារណៈនោះ ប្រាកដណាស់ លោកនឹងទទួលបានជ័យជម្នះជាមិនខាន ៕