អ៊ីស្រាអែល៖ ពុំបានដឹងពីសេចក្តីរាយការណ៍ថា រថក្រោះអ៊ីស្រាអែលបានសម្លាប់អ្នកសារព័ត៌មានរបស់ទីភ្នាក់ងាររ៉យទ័រនោះទេ។
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក Eylon Levy បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍នេះថា លោកពុំបានដឹងនោះទេ ពីការរកឃើញរបស់ក្រុមអ្នកស៊ើបអង្កេតថា រថក្រោះអ៊ីស្រាអែល បានសម្លាប់អ្នកសារព័ត៌មាន Issam Abdallah របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងធ្វើឲ្យមនុស្ស ៦នាក់ផ្សេងទៀត រងរបួសនៅប្រទេសលីបង់ ប៉ុន្តែលោកបានច្រានចោលថា កម្លាំងអ៊ីស្រាអែល គ្មានគោលដៅលើអ្នកមិនប្រយុទ្ធនោះទេ ។
ពេលសួរពីការរកឃើញនៅក្នុងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទីភ្នាក់ងារព័ត៌មាន France-Presse ក្រុមលើកលែងទោសអន្តរជាតិ និងក្រុមឃ្លាំមើលសិទ្ធិមនុស្ស លោក Levy និយាយថា ពួកយើងគ្មានគោលដៅលើជនស៊ីវិលនោះទេ ។
លោកបន្តថា ពួកយើងបានធ្វើអ្វីៗគ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីការពារជនស៊ីវិល ដើម្បីធ្វើឲ្យជនស៊ីវិលគេចផុតពីគ្រោះថ្នាក់ ៕