លោក ពូទីន បំពេញទស្សនកិច្ចមួយ ទៅកាន់សហភាពអារ៉ាប់រួម និងអារ៉ាប៊ី សាអូឌីត។

ឌូបៃ/រីយ៉ាដ៖ កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅបំពេញទស្សនកិច្ចទៅកាន់ ប្រទេសអារ៉ាប់រួម ហៅកាត់ (UAE) និងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងបញ្ហាផ្សេងទៀត ដែលវាជាកង្វល់រួម យោងតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងអំឡុងពេលជំនួបរបស់លោក ពូទីន ជាមួយលោក Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតី UAE នៅទីក្រុង Abu Dhabi ភាគីទាំង២បានស្វែងរកការរំពឹងទុកដើម្បីកែលម្អទំនាក់ទំនងក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី បើ យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ UAE ឈ្មោះថា WAM បានឲ្យដឹង ។

ពួកគេក៏បានពិភាក្សាអំពីបញ្ហានៅក្នុងតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ទៅវិញទៅមក ដោយផ្តោតលើតំបន់ហ្គាហ្សា ។ ភាគីទាំង២បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់សកម្មភាពអន្តរជាតិដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ការពារជនស៊ីវិល និងធានាការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព គ្មានការរារាំង និងនិរន្តរភាព បានរាយការណ៍ដោយទីភ្នាក់ងារ WAM ។

មេដឹកទំាង២ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍ចុងក្រោយនៃវិបត្តិអ៊ុយក្រែនផងដែរ ។ លោកប្រធានាធិបតី UAE បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកបានប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះនៅទូទាំងពិភពលោកតាមរយៈការទូត និងការសន្ទនាគ្នា ។ បន្ទាប់មកនៅថ្ងៃដដែលនោះ លោក ពូទីន បានជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman Al Saud ក្នុងទីក្រុងរីយ៉ាដ ។

ទូរទស្សន៍ផ្កាយរណប Al Arabiya បានរាយការណ៍មកថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត បានសង្កត់ធ្ងន់ក្នុងអំឡុងកិច្ចប្រជុំថា ព្រះរាជាណាចក្ររបស់ទ្រង់ និងរុស្ស៊ីកំពុងធ្វើការរួមគ្នា ដើម្បីសម្រេចបាននូវស្ថិរភាពនៅមជ្ឈិមបូព៌ា ៕