សាលារៀនរុស្ស៊ី ក្មេងស្រីអាយុ ១៤ឆ្នាំ បាញ់សម្លាប់សិស្សរួមថ្នាក់ មុននឹងធ្វើអត្តឃាតខ្លួនឯង

រុស្ស៊ី៖ ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ បានបាញ់ប្រហារបណ្ដាលឲ្យសិស្សរួមម្នាក់ស្លាប់ និងកុមារ ៥នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ នេះ មុនពេលរូបគេធ្វើអត្តឃាត នៅឯសាលារៀនមួយក្នុងទីក្រុង Bryansk របស់ប្រទេសរុស្ស៊ី បើតាមការលើកឡើងពីមន្ត្រី ។

នៅក្នុងសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានឲ្យដឹងថា៖ «យោងតាមទិន្នន័យស៊ើបអង្កេតបឋម បានបង្ហាញថា ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ បានយកកាំភ្លើងខ្យល់មួយដើមទៅសាលារៀន ដែលនាងបានបាញ់ទៅលើមិត្តរួមថ្នាក់របស់នាង» ។

អ្នកស៊ើបអង្កេតកំពុងធ្វើការ នេះយោងលើសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ដើម្បីឲ្យប្រាកដលើហេតុផលជំរុញចិត្ត ដែលនាំឲ្យមានការបាញ់ប្រហារនេះ ។ លោក Alexander Bogomaz អភិបាលតំបន់ បានហៅហរតុការណ៍បាញ់ប្រហារនេះថា ជា «សោកនាដកម្មដ៏គួរឲ្យរន្ធត់»។ លោកបានបន្ថែមថា អ្នករបួសទាំង ៥នាក់ សុទ្ធតែជាកុមារ ដែលរងរបួសស្រាល ឬមធ្យម។

នៅរុស្ស៊ី ជាធម្មតា កាំភ្លើងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ប៉ុន្តែទីក្រុង Bryansk គឺជាតំបន់មួយ ក្នុងចំណោមតំបន់ភាគខាងត្បូងជាច្រើន ដែលបានឃើញនូវការវាយប្រហារឆ្លងព្រំដែន អំឡុងសង្រ្គាមជាមួយអ៊ុយក្រែន ហើយជាកន្លែង ដែលទីក្រុងមូស្គូ បានលើកទឹកចិត្តដល់ការបង្កើតអង្គភាពការពារស្វ័យការពារ។

ប្រទេសរុស្ស៊ីបានជួបប្រទះនូវការបាញ់ប្រហារ នៅតាមសាលាជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ២០១៨ សិស្សអាយុ ១៨ឆ្នាំម្នាក់ បានសម្លាប់មនុស្ស ២០នាក់ ដែលភាគច្រើនជាសិស្សរួមថ្នាក់ នៅក្នុងការបាញ់ប្រហារដ៏ធំ នៅមហាវិទ្យាល័យមួយ ក្នុងតំបន់គ្រៀមា ដែលគ្រប់គ្រងដោយរុស្ស៊ី និងដែលទីក្រុងម៉ូស្គូ បានដណ្តើមយកពីអ៊ុយក្រែន ក្នុងឆ្នាំ២០១៤៕