គោយន្តកន្ត្រៃ ព្រលះ រថយន្ត LEXUS របួសធ្ងន់ស្រាល៣នាក់។

ពោធិ៍សាត់៖  បើកគោយន្តកន្ត្រៃឆ្លងផ្លូវជ្រុលបុករថយន្តម៉ាក LEXUS RX 300 យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន 3 នាក់បានរងរបួសធ្ងន់ស្រាល នាវេលាម៉ោង 8:50 នាទី កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ 5 ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ 134 និង 135 ស្ថិតក្នុងភូមិថ្គោលតូច ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

អធិការនគរបាលស្រុកក្រគរ លោក មោក ភារម្យ បានប្រាប់ឲ្យដឹងថា អ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ យ៉ាន យ៉ាំ ភេទប្រុសអាយុ 25 ឆ្នាំរងរបួសស្រាល និងអ្នករួមដំណើរចំនួនពីរនាក់ទៀត ឈ្មោះ ឈាង ភាព ភេទស្រីអាយុ 37 ឆ្នាំ រងរបួសធ្ងន់ និងឈ្មោះ ឈាង ពៅ ភេទស្រីអាយុ 33 ឆ្នាំ រងរបួសធ្ងន់ ទាំងបីនាក់រស់នៅក្នុងភូមិកើតហេតុខាងលើ ។

លោកបានឱ្យដឹងបន្តថា នៅមុនពេលកើតហេតុគឺរថយន្តម៉ាក LEXUS RX 300 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2l.5269 បើកបរក្នុងទិសដៅពីរលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្របពេលគោយន្តកន្ត្រៃបើកបរទិសដៅពីរជើងទៅត្បូងហើយឆ្លងផ្លូវបុកគ្នាប្រាវតែម្ដង។ បណ្ដាលឱ្យភាគីខាងគោយន្តកន្ត្រៃ រងរបួសធ្ងន់ស្រាលទាំងបីនាក់ត្រូវបានបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ចំណែកភាគីខាងរថយន្តជម្រត់ធ្លាក់ពីលើផ្លូវខូចខាតយ៉ាងដណ្ដំប៉ុន្តែមិនមានអ្នករងរបួសឡើយ ។

ទន្ទឹមនេះ លោកអធិការក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបើកបរគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា បើសេពគ្រឿងស្រវឹងកុំបើកបរ សំដៅធ្វើយ៉ាងណាជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតទាប គឺជាការជួយខ្លួនឯងផងក្រុមគ្រួសារក៏ដូចជាសង្គមជាតិយើងទាំងមូលផងដែរ ៕